ម្ចាស់ Brand OG ធានាប្រមូលទិញផលិតផលខ្លួន ពីតំណាងចែកចាយវិញ ក្រោយផ្ទុះការនាំចូលផលិតផលមានសារធាតុគីមីបារតលើសកម្រិត!
ភ្នំពេញ៖ ក្រុមហ៊ុនទុយស៊ុន លី ឯ.ក (TUYSUN LY CO.,LTD) ដែលមាន ផលិតផលគ្រឿង សម្អាងម៉ាក (Brand) OG កំពុងទទួលរងការរិះគន់ និងបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីបណ្ដាសាធារណៈជន ឬអតិថិជនដែលធ្លាប់បានប្រើប្រាស់ផលិតផលនេះកន្លងមក។





យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញផលិតផលគ្រឿង សម្អាងម៉ាក (Brand) OG តែមួយមុខគឺ ម៉ាក OG COSMETICS ANTI ACNE & WHITENING NIGHT CREAM ដែលបាននាំចូល មានសារធាតុគីមីបារត (Mercury) លើសកម្រិតស្តង់ដារហូតដល់ (3,148.6 ppm)។
ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី១ ខែកក្កដា ម្ចាស់ក្រុមហ៊ុនទុយស៊ុន លី ឯ.ក Brand OG បានចេញមុខទទួលខុសត្រូវ ដោយធានានឹងប្រមូលទិញត្រឡប់មកវិញពីគ្រប់តំណាងចែកចាយ នូវផលិតផលគ្រឿងសម្អាង OG COSMETICS ANTI ACNE & WHITENING NIGHT ដែលមានស្តុកចេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ជូនទៅកាន់រោងចក្រផលិត ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានរកឃើញផលិតផល គ្រឿងសម្អាង ចំនួន ០៥ ដូចជា (១. N-QUEEN Glow White Lotion, ២. OG Cosmetics Anti Acne & Whitening Night Cream, ៣. KissMe Vitamin Plus Premium Night Cream, ៤. Bliss Night Cream, ៥. Na Sar Clarity Advance Night Cream) មានផ្ទុក សារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតស្ដង់ដាបទដ្ឋាន ដែលសារធាតុគីមីទាំងនោះ អាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ដោយប្រឈមជំងឺផ្សេងៗ និងខូចស្បែកជាដើម។














