កូរ៉េខាងត្បូងបំបែកកំណត់ត្រាក្ដៅបំផុតមិនធ្លាប់មាន! ខណៈសីតុណ្ហភាពឡើងដល់ ៤២.៥°C
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានបំបែកកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមកត់ត្រាទិន្នន័យអាកាសធាតុកាលពីឆ្នាំ១៩០៤ ខណៈអាជ្ញាធរបានចេញការព្រមានបន្ទាន់ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ «បញ្ឈប់ការចេញក្រៅជាបន្ទាន់» នៅតំបន់ដែលរងឥទ្ធិពលពីរលកកម្តៅខ្លាំង។


បើតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) ទីក្រុង Yangsan ស្ថិតនៅភាគអាគ្នេយ៍ប្រទេស បានកត់ត្រាសីតុណ្ហភាព ៤២.៥អង្សាសេ កាលពីរសៀលថ្ងៃអាទិត្យ ដែលជាកម្រិតខ្ពស់បំផុត នៃការសង្កេតអាកាសធាតុទំនើបរបស់ប្រទេសកូរ៉េ។
សូមរំលឹកថា ទីក្រុង Yangsan បានរងរលកកម្តៅជាបន្តបន្ទាប់ ដោយសីតុណ្ហភាពពេលខ្លះលើស ៤០អង្សាសេ អស់រយៈពេល ៥ថ្ងៃជាប់គ្នា។ ទន្ទឹមនឹងនេះ ទីក្រុងធំៗផ្សេងទៀត រួមមាន Daegu និង Busan ក៏កំពុងប្រឈមនឹងសីតុណ្ហភាពខ្ពស់ជិត ៤០អង្សាសេផងដែរ។
ដោយសារកម្តៅខ្លាំង ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅស្នាក់នៅក្នុងផ្សារទំនើប ហាងកាហ្វេ និងអគារដែលមានម៉ាស៊ីនត្រជាក់ ដើម្បីគេចពីអាកាសធាតុក្ដៅ។ ក្នុងនោះ ប្រជាពលរដ្ឋម្នាក់បានប្រាប់ AFP ថា គ្មានជម្រើសអ្វីក្រៅពីស្នាក់នៅកន្លែងមានម៉ាស៊ីនត្រជាក់ ដូចជាផ្ទះ ផ្សារទំនើប ឬហាងកាហ្វេឡើយ។
បច្ចុប្បន្ន មានតំបន់ជាង ២០ នៅទូទាំងប្រទេស ស្ថិតក្រោមការព្រមានអាសន្នពីរលកកម្តៅ ដែលជាការព្រមានថ្មីមួយ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំនេះ។ ដោយឡែក អាជ្ញាធរឧតុនិយមបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពចេញក្រៅជាបន្ទាន់ ហើយព្រមានថា អគារដែលគ្មានម៉ាស៊ីនត្រជាក់ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យផ្លាស់ទៅកាន់មជ្ឈមណ្ឌលបន្ថយកម្តៅ ឬទីតាំងមានម្លប់ និងណែនាំឲ្យទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
រលកកម្តៅនេះ ក៏បានប៉ះពាល់ដល់វិស័យកីឡាផងដែរ ដោយការប្រកួតបេស្បលអាជីពមួយនៅទីក្រុង Changwon ត្រូវបានលុបចោល បន្ទាប់ពីសីតុណ្ហភាពនៅទីនោះឡើងដល់ ៣៩.៥អង្សាសេ។ អ្នករៀបចំការប្រកួតបានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើង ដោយផ្តល់អាទិភាពលើសុវត្ថិភាព និងសុខភាពរបស់អ្នកទស្សនា និងកីឡាករមុនគេបង្អស់។
ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុដ៏គ្រោះថ្នាក់ដូចជារលកកម្តៅនេះ កំពុងកើតមានញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពមនុស្ស។ លើសពីនេះ បាតុភូត El Niño ដែលបានវិលត្រឡប់មកវិញនៅឆ្នាំនេះ ក៏ជាកត្តាមួយដែលជំរុញឱ្យសីតុណ្ហភាពនៅតំបន់ជាច្រើនកើនឡើងផងដែរ។
ប្រភព៖ The Guardian












