រាជរដ្ឋាភិបាលកម្ពុជា៖ ទោះបីពិភពលោកជួបភាពមិនប្រាកដប្រជាខ្លាំងក៏ដោយ កំណើនសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចបាន ៤% នៅឆ្នាំ២០២៦ និង ៤,៨% នៅឆ្នាំ២០២៧!
ភ្នំពេញ៖ ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានក្នុងអត្រា ៤% នៅឆ្នាំ២០២៦ និងកើនឡើងដល់ ៤,៨% នៅឆ្នាំ២០២៧។ ការព្យាករនេះ បង្ហាញពីទិសដៅនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលបន្តមានសក្តានុពលកំណើន ដោយមានការចូលរួមគាំទ្រពីវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

យោងតាមការវាយតម្លៃឡើងវិញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើទិន្នន័យរយៈពេល ៩ខែ ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងសម្រេចបានតាមអត្រាខាងលើ ស្របតាមការវាយតម្លៃឡើងវិញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើទិន្នន័យរយៈពេល ៩ខែ ឆ្នាំ២០២៦។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះថា ការព្យាករកំណើនសេដ្ឋកិច្ចខាងលើ គឺផ្អែកលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ ព្រមទាំងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៧។ ជាមួយគ្នានេះ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងពី ៣ ០៩៨ដុល្លារអាម៉េរិក នៅឆ្នាំ២០២៦ ដល់ ៣ ២៧៧ដុល្លារអាម៉េរិក នៅឆ្នាំ២០២៧។
ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យសំខាន់ៗដែលជាចន្ទល់ជំរុញកំណើន រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ជាក់ស្តែង ក្នុងឆ្នាំ២០២៦ កម្ពុជាសម្រេចបានការនាំចេញអង្ករលើសពី ១លានតោនជាលើកដំបូង ដែលជាសមិទ្ធផលមួយបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម និងសមត្ថភាពផលិតកម្មរបស់កម្ពុជា។
ទន្ទឹមនឹងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ក៏ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនចំនួន ៣០ប៊ីលានយ៉េន ស្មើនឹងប្រមាណ ២០០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព។
សូមបញ្ជាក់ជូនថា លទ្ធផលគម្រោងទាំងនេះមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ កាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច និងជួយដល់ការរក្សាស្ថិរភាពសេដ្ឋកិច្ច ការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យថាមពល។ កិច្ចសហប្រតិបត្តិការនេះក៏ជាផ្នែកមួយនៃការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុនផងដែរ។

















