លោក ដូណាល់ ត្រាំ ពន្លះ NATO នៅចំពោះមុខលោក Mark Rutte ថាមិនបានគាំទ្រអាម៉េរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបន្តរិះគន់បណ្តាប្រទេសអឺរ៉ុបសមាជិកអង្គការ NATO ថាមិនបានគាំទ្រសហរដ្ឋអាម៉េរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ អំឡុងជំនួបជាមួយអគ្គលេខាធិការ NATO លោក Mark Rutte នៅការិយាល័យ Oval Office នៃសេតវិមាន។

លោក ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកមិនចាំបាច់ត្រូវការជំនួយដើម្បីយកឈ្នះអ៊ីរ៉ង់នោះទេ ប៉ុន្តែលោកសោកស្តាយដែលសម្ព័ន្ធមិត្តមិនបានបង្ហាញឆន្ទៈក្នុងការគាំទ្រ។ លោក ត្រាំ ក៏បានបញ្ជាក់ថា លោក និងលោក Mark Rutte នឹងពិភាក្សាអំពីអ្វីដែលបានកើតឡើង ហើយចាំមើលថានឹងមានអ្វីកើតឡើងបន្តទៀត។
ជំនួបនេះធ្វើឡើងមុនកិច្ចប្រជុំកំពូល NATO ដែលគ្រោងនឹងប្រារព្ធឡើងនៅខែក្រោយ។ អ្នកវិភាគមួយចំនួនយល់ថា លោក Rutte កំពុងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយលោក ត្រាំ ខណៈដែលប្រធានាធិបតីអាម៉េរិករូបនេះធ្លាប់បង្ហាញជំហរចង់កាត់បន្ថយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះ NATO។
នៅក្នុងជំនួប លោក Mark Rutte បានបង្ហាញទិន្នន័យអំពីការកើនឡើងនៃការចំណាយលើវិស័យការពារជាតិរបស់សមាជិក NATO និងបានកោតសរសើរប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់ ដោយអះអាងថា វាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ទោះជាយ៉ាងណា ការលើកឡើងនេះត្រូវបានអ្នកវិភាគ និងអ្នកជំនាញមួយចំនួនជំទាស់ ដោយអះអាងថា មិនមានភស្តុតាងបញ្ជាក់ថា អ៊ីរ៉ង់ជិតផលិតអាវុធនុយក្លេអ៊ែរនៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារនោះទេ។ អ្នកជំនាញខ្លះក៏បានរិះគន់ថា ប្រតិបត្តិការយោធានេះអាចផ្ទុយនឹងច្បាប់អន្តរជាតិ។
លោក Rutte បានព្យាយាមការពារសម្ព័ន្ធមិត្តអឺរ៉ុប ដោយលើកឡើងថា ទោះបីមិនបានបញ្ជូនកងទ័ពចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមក៏ដោយ ប៉ុន្តែមូលដ្ឋានយោធានៅអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាម៉េរិក។ លោកបានបញ្ជាក់ថា យន្តហោះយោធាអាម៉េរិកប្រមាណ ៤,០០០ ទៅ ៥,០០០ គ្រឿង បានហោះចេញពីមូលដ្ឋាននៅអឺរ៉ុបក្នុងអំឡុងសង្គ្រាមរយៈពេល ៦ សប្តាហ៍។
លោក Rutte ក៏បានទទួលស្គាល់ថា លោក ត្រាំ មានហេតុផលក្នុងការខកចិត្តចំពោះករណីមួយចំនួន ប៉ុន្តែលោកអះអាងថា ករណីទាំងនោះមិនតំណាងឱ្យជំហររួមរបស់ NATO នោះទេ ហើយសម្ព័ន្ធមិត្តអឺរ៉ុបជាទូទៅនៅតែបានជួយគាំទ្រសហរដ្ឋអាម៉េរិកតាមមធ្យោបាយផ្សេងៗ។
ទោះបីជាយ៉ាងណា លោក ត្រាំ នៅតែបង្ហាញការខកចិត្តចំពោះការគាំទ្រពីសម្ព័ន្ធមិត្ត ប៉ុន្តែបានសរសើរលោក Mark Rutte ថាជា «មេដឹកនាំដ៏អស្ចារ្យ» និងបាននិយាយថា ប្រសិនបើលោកបានស្នើសុំជំនួយដោយផ្ទាល់ពីលោក Rutte នោះ លោកជឿថា អគ្គលេខាធិការ NATO រូបនេះនឹងរកវិធីជួយសហរដ្ឋអាម៉េរិក ប្រសិនបើមានតម្រូវការ។
ប្រភព៖ Aljazeera















