រដ្ឋមន្ត្រីក្រសួងអប់រំ៖ កំណែទម្រង់ជោគជ័យ មិនអាចធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំបានឡើយ
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីធ្វើកំណែទម្រង់ឱ្យទទួលបានជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងមិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ ប៉ុន្តែចាំបាច់ត្រូវមានអ្វីថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសាកល។










ការលើកឡើងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញផ្តល់បាឋកថា ស្តីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល។
ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្តើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ជាមួយវឌ្ឍនភាពជាច្រើន ក្នុងនោះលេចធ្លោបំផុត គឺការរឹតបន្តឹងវិធានការប្រឡងទុតិយភូមិចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្សក្រោមទស្សនៈ «អ្នកចេះគឺជាប់»។
ឯកឧត្តមបានបន្ថែមថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា ត្រូវបានបែងចែកជា ៤ដំណាក់កាលធំៗ ចាប់ពីការកំណត់អាទិភាពកំណែទម្រង់ថ្នាក់ជាតិ ការពង្រឹងសសរស្តម្ភគន្លឹះ ការជំរុញកំណែទម្រង់ដល់កម្រិតសាលារៀន និងថ្នាក់រៀន រហូតដល់ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដោយផ្តោតលើការគ្រប់គ្រងផ្អែកលើលទ្ធផល និងការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា វឌ្ឍនភាពកំណែទម្រង់ក្នុងរយៈពេល ១០ឆ្នាំនេះ បានផ្លាស់ប្តូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា ដោយផ្តោតលើ «គុណភាព គណនេយ្យភាព និងនវានុវត្តន៍» ដើម្បីឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕















