កូរ៉េខាងជើងរក្សាបានកំណើនសេដ្ឋកិច្ច ៣% ទោះរងទណ្ឌកម្មអន្តរជាតិ!
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងបានរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតប្រមាណ ៣% ជាបន្តបន្ទាប់ ទោះបីជាប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិក៏ដោយ ដោយសារការគាំទ្រពីខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងថាមពលពីប្រទេសចិន និងរុស្ស៊ី ព្រមទាំងការផលិតអាវុធសម្រាប់ផ្គត់ផ្គង់ដល់យោធារុស្ស៊ី ដែលកំពុងប្រឈមនឹងកង្វះខាតសព្វាវុធ។

យោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កូរ៉េខាងជើងបានកើនឡើង ៣,៥% ក្នុងឆ្នាំ២០២៥ តាមការប៉ាន់ប្រមាណរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីខែកក្កដា។ ប្រទេសនេះបានរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៣% បីឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០២៣។
កំណើននេះខ្ពស់ជាងកម្រិតដែលកូរ៉េខាងជើងធ្លាប់សម្រេចបាន មុនពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចទូលំទូលាយ រួមទាំងការរឹតត្បិតពាណិជ្ជកម្មកាលពីប្រមាណមួយទសវត្សរ៍មុន។
ទន្ទឹមនេះ វិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិរបស់កូរ៉េខាងត្បូង ដែលមានទំនាក់ទំនងជាមួយសេវាស៊ើបការណ៍សម្ងាត់ជាតិ បានប៉ាន់ប្រមាណថា កូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធ រួមមានគ្រាប់កាំភ្លើងធំ និងមីស៊ីល ដែលមានតម្លៃចន្លោះពី ៧ពាន់លានដុល្លារ ដល់ ១៣,៨ពាន់លានដុល្លារ ទៅកាន់ប្រទេសរុស្ស៊ី គិតត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះ ធនាគារកណ្តាលកូរ៉េខាងត្បូង ក៏បានឱ្យដឹងទៀតថា វិស័យផលិតកម្មរបស់កូរ៉េខាងជើងបានកើនឡើង ៦,៦% ក្នុងឆ្នាំ២០២៥។ កាលពីខែមិថុនា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចុះទៅទស្សនារោងចក្រផលិតគ្រាប់រំសេវ និងសរសើរចំពោះការសម្រេចគោលដៅផលិតកម្មសម្រាប់ឆមាសទី១ មុនកាលកំណត់ ព្រមទាំងបានបញ្ជាឱ្យបង្កើនសមត្ថភាពផលិតមីស៊ីលឱ្យបាន ២,៥ដង។
ដោយឡែក ទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិនកាន់តែប្រសើរឡើង និងបានជំរុញឱ្យការនាំចូលទំនិញពីចិនកើនឡើងជាបន្តបន្ទាប់ផងដែរ។ យោងតាមរដ្ឋបាលគយទូទៅរបស់ចិន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីទណ្ឌកម្មចាប់ផ្តើមមានឥទ្ធិពលខ្លាំងក្នុងឆ្នាំ២០១៨។
ការនាំចេញទំនិញពីចិនទៅកូរ៉េខាងជើងបានកើនឡើង ១២% ក្នុងរយៈពេលដូចគ្នា។ ទោះបីជាចិនអះអាងថា ខ្លួនគោរពតាមទណ្ឌកម្មអន្តរជាតិក៏ដោយ ក៏នៅមានចន្លោះប្រហោងមួយចំនួនតាមរយៈការនាំចេញទំនិញស៊ីវិល ដែលអាចត្រូវបានបង្វែរទៅប្រើប្រាស់ក្នុងវិស័យយោធាបានដែរ។
លើសពីនេះ ការផ្គត់ផ្គង់ថាមពលពីប្រទេសចិន និងរុស្ស៊ីក៏បានដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកូរ៉េខាងជើងផងដែរ។ តាមរបាយការណ៍របស់សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បរិមាណផលិតផលប្រេងឥន្ធនៈចម្រាញ់ ដែលកូរ៉េខាងជើងទទួលបានពីប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ បានលើសកម្រិតកំណត់ដោយទណ្ឌកម្មអន្តរជាតិជាង ៧ដង។
ទន្ទឹមនឹងនេះ កម្រិតជីវភាពរបស់ប្រជាជនកូរ៉េខាងជើងមួយចំនួនហាក់ដូចជាមានភាពប្រសើរឡើង។ អ្នកទស្សនាទីក្រុងព្យុងយ៉ាងបានសង្កេតឃើញថា ប្រជាពលរដ្ឋកាន់តែច្រើនប្រើប្រាស់រថយន្តនាំចូល រួមទាំងរថយន្តជប៉ុន សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួនជាដើម។
ប្រភព៖ Nikkei Asia













