|

រដ្ឋមន្ត្រីក្រសួងអប់រំ សម្ដែងការគាំទ្រចំពោះសកម្មភាពនានារបស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍបច្ចេទេសអប់រំ


ថ្លែងនៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសំដែងការគាំទ្រចំពោះសកម្មភាពនានារបស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍបច្ចេទេសអប់រំ ដែលរួមចំណែកជាធាតុចូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាឱ្យកាន់តែប្រសើឡើង។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍លើការងារអប់រំ ពិសេសផ្ដោតលើការអប់រំកុមារតូច ( Early Childhood Education) និង កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យ ដែលផ្សារភ្ជាប់ជាមួយឧត្តមសិក្សា ក្នុងភាពជាដៃគូជាមួយស្ថាប័នឯកជន ហើយឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការ គាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីន តាមរយៈ SEAMO TED បានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួន ៦០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ចាជីវៈ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកដំណើរទស្សនកិច្ច លោកជំទាវ Hon. Sara Z. Duterte ថាជាការរឹតចំណងមិត្តភាពបន្ថែមមួយកម្រិតទៀតលើវិស័យអប់រំរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកជំទាវ Hon. Sara Z. Duterte បានសម្ដែងក្ដីរំភើបរីករាយសាទរចំពោះភាពរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជា ពិសេសគឺ វិស័យអប់រំ ដោយបានបង្ហាញឆន្ទៈក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើង និងសម្បូរបែប៕

ប្រភព៖ TVK