នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ព្រួយបារម្ភជុំវិញការប៉ះទង្គិចគ្នាកាន់តែខ្លាំងតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ និងព្រមានឱ្យចាត់វិធានការបន្ទាន់
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានថ្លែងនៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលថៃបានជូនដំណឹងជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា អំពីការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមាននៅតាមតំបន់ព្រំដែន ដោយព្រមានថា ជម្លោះនេះមិនត្រូវប៉ះពាល់ដល់ទឹកដី និងប្រជាជនថៃឡើយ។

ថ្លែងនៅមន្ទីរពេទ្យខេត្តណងខៃ លោក អនុទីន បានឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យរដ្ឋាភិបាលថៃចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិការ៉ែន នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលថៃបានចាត់វិធានការរួចហើយ តាមរយៈទាំងយន្តការយោធា និងការទូត ដោយបានជូនដំណឹងទៅកាន់ភាគីមីយ៉ាន់ម៉ាអំពីការព្រួយបារម្ភចំពោះសំឡេងផ្ទុះដែលកើតមានជាប្រចាំនៅតំបន់ព្រំដែន ព្រមទាំងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាចាត់វិធានការធានាថា ការប្រយុទ្ធគ្នានឹងមិនប៉ះពាល់ដល់ប្រទេសថៃឡើយ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា ប្រទេសថៃបានពង្រឹងសន្តិសុខតាមព្រំដែន តាមរយៈការដាក់ពង្រាយកម្លាំងបន្ថែមសម្រាប់ការល្បាត និងបង្កើនការត្រៀមខ្លួនរបស់កងទ័ព។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា កងកម្លាំងថៃត្រូវបានណែនាំឱ្យជៀសវាងការប្រឈមមុខដាក់គ្នា និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹង ដែលអាចឈានទៅរកជម្លោះទ្រង់ទ្រាយធំ។
លោក អនុទីន បានថ្លែងថា ការប្រយុទ្ធគ្នានេះមិនពាក់ព័ន្ធនឹងប្រទេសថៃ ឬប្រជាជនថៃឡើយ ប៉ុន្តែកងកម្លាំងយោធាត្រូវតែការពារទឹកដីថៃឱ្យបានពេញលេញបំផុត។ លោកក៏បានទទួលស្គាល់ថា ការប៉ះទង្គិចគ្នានេះបានបង្កការខូចខាតមួយចំនួនដល់ប្រទេសថៃរួចហើយ ដែលធ្វើឱ្យមានភាពចាំបាច់ក្នុងការព្រមានទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ចំពោះជនជាតិមីយ៉ាន់ម៉ាដែលបានភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសថៃ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងបន្តផ្តល់ជំនួយដោយផ្អែកលើគោលការណ៍មនុស្សធម៌។ អាជ្ញាធរមានផែនការសម្របសម្រួលការវិលត្រឡប់របស់ពួកគេ នៅពេលស្ថានការណ៍មានស្ថិរភាពឡើងវិញ ដោយសង្កត់ធ្ងន់ថា នឹងមិនមានការបង្ខំឱ្យជនភៀសខ្លួនត្រឡប់ទៅវិញ ខណៈការប្រយុទ្ធគ្នានៅតែបន្តនោះទេ។
លោកបានបន្ថែមថា ជនជាតិមីយ៉ាន់ម៉ាភាគច្រើននឹងវិលត្រឡប់ទៅប្រទេសកំណើតវិញដោយស្ម័គ្រចិត្ត នៅពេលដែលលក្ខខណ្ឌអនុញ្ញាត ខណៈអ្នកដែលមានបំណងបន្តស្នាក់នៅក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាតស្របច្បាប់ នឹងត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់ថៃ។
ដោយឡែក ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ថា កងទ័ពមីយ៉ាន់ម៉ាបានគំរាមកម្ទេចឃ្លាំងទំនិញរបស់ថៃ ប្រសិនបើមានការផ្គត់ផ្គង់ទំនិញទៅឱ្យសហភាពជាតិការ៉ែន (KNU) លោក អនុទីន បានថ្លែងថា លោកមិនទាន់បានទទួលព័ត៌មានអំពីការគំរាមកំហែងនេះទេ ហើយក៏មិនទាន់មានព័ត៌មានដែលអាចបញ្ជាក់បានអំពីករណីនេះដែរ។
ប្រភព៖ Khaosod English

















