ប្រទេសហ្វីលីពីន ព្រមានពីរលកយក្សស៊ូណាមិ ក្រោយជួបគ្រោះរញ្ជួយដីកម្រិតខ្ពស់ ៧.៨ រ៉ិចទ័រ!
អាជ្ញាធរហ្វីលីពីន និងអន្តរជាតិបានចេញការព្រមានពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរភាគខាងត្បូងនៃកោះមីនដាណាវ ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។


យោងតាមប្រព័ន្ធព្រមានស៊ូណាមិរបស់សហរដ្ឋអាមេរិក (US Tsunami Warning System) និងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន និងឥណ្ឌូណេស៊ី បានចេញសេចក្តីជូនដំណឹងបន្ទាន់ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ឆ្នេរផ្លាស់ទីទៅកាន់តំបន់ខ្ពស់ ឬឆ្ងាយពីឆ្នេរសមុទ្រ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានពីរលកស៊ូណាមិ។
ប្រព័ន្ធព្រមានស៊ូណាមិអាមេរិកបានឱ្យដឹងថា រលកសមុទ្រកម្ពស់ចន្លោះពី ១ ទៅ ៣ ម៉ែត្រ អាចកើតមាននៅតាមឆ្នេរសមុទ្រហ្វីលីពីន ខណៈប្រទេសម៉ាឡេស៊ីអាចប្រឈមនឹងរលកកម្ពស់រហូតដល់ ១ ម៉ែត្រ។ ទន្ទឹមនឹងនេះ រលកស៊ូណាមិទំហំតូចក៏អាចកើតមាននៅតៃវ៉ាន់ ជប៉ុន កោះហ្គាំ និងប៉ាពួញូហ្គីណេផងដែរ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) និងស្ថាប័នស្ទង់មតិភូមិសាស្ត្រអាមេរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧.៨ រ៉ិចទ័រ និងបានកើតឡើងនៅវេលាម៉ោង ៧:៣៧ នាទីព្រឹក (ម៉ោងក្នុងតំបន់) ក្នុងជម្រៅប្រមាណ ៣៣ គីឡូម៉ែត្រក្រោមផ្ទៃដី។ បន្ទាប់ពីគ្រោះរញ្ជួយដីធំ មានការរញ្ជួយតូចៗជាបន្តបន្ទាប់ (Aftershocks) ដែលនៅតែអាចមានអារម្មណ៍ដឹងបាននៅក្នុងតំបន់រងគ្រោះ។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀរ (Ferdinand “Bongbong” Marcos Jr.) បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងផ្លាស់ទីទៅកាន់ទីតាំងសុវត្ថិភាពជាបន្ទាន់។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៅកោះមីនដាណាវ ដើម្បីតាមដានស្ថានការណ៍ និងឆ្លើយតបចំពោះគ្រោះមហន្តរាយដែលអាចកើតឡើង។
ដោយឡែក នៅប្រទេសឥណ្ឌូណេស៊ី ប្រជាពលរដ្ឋនៅខេត្តស៊ូឡាវេស៊ីខាងជើង (North Sulawesi) និងម៉ាឡូគូខាងជើង (North Maluku) ក៏បានទទួលអារម្មណ៍ពីការរញ្ជួយដីនេះផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតនៅក្នុងតំបន់ «រង្វង់ភ្លើងប៉ាស៊ីហ្វិក» (Pacific Ring of Fire) ដែលជាតំបន់សកម្មភាពភូមិសាស្ត្រខ្លាំង មានទាំងភ្នំភ្លើង និងការរញ្ជួយដីកើតឡើងជាញឹកញាប់។ ប្រទេសទាំងពីរនេះជួបប្រទះគ្រោះរញ្ជួយដីរាប់រយលើកជារៀងរាល់ឆ្នាំ។
ប្រភព៖ News Sky















