|

អ៊ីស្រាអែល និងលីបង់ឯកភាពគ្នា អនុវត្តបទឈប់បាញ់បណ្ដោះអាសន្ន ខណៈអាមេរិកទាមទារឲ្យ Hezbollah បញ្ឈប់ការវាយប្រហារជាមុន!


អ៊ីស្រាអែល និងលីបង់ បានឯកភាពគ្នាលើការអនុវត្តបទឈប់បាញ់មួយ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន លុះត្រាតែក្រុម Hezbollah បញ្ឈប់ការវាយប្រហារទាំងស្រុង និងដកកម្លាំងប្រតិបត្តិការរបស់ខ្លួនចេញពីតំបន់ដែលអ៊ីស្រាអែលកំពុងគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់ ចាប់ពីទន្លេ Litani រហូតដល់ព្រំដែនអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងជួយរៀបចំតំបន់សាកល្បងមួយចំនួន ដែលកងទ័ពជនជាតិលីបង់នឹងទទួលខុសត្រូវគ្រប់គ្រងសន្តិសុខផ្តាច់មុខ ដោយមិនអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធក្រៅរដ្ឋណាមួយមានវត្តមានឡើយ។

ទោះជាយ៉ាងណា ស្ថានការណ៍នៅតែមានភាពផុយស្រួយ ដោយនៅថ្ងៃពុធ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងលីបង់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់ ក្នុងនោះមានបុគ្គលិកសង្គ្រោះបន្ទាន់ ២នាក់។ ជាមួយគ្នានេះ Hezbollah ក៏បានបាញ់រ៉ុក្កែត និងដ្រូនឆ្លងព្រំដែនចូលភាគខាងជើងអ៊ីស្រាអែលផងដែរ។

មន្ត្រីអាមេរិក បានបញ្ជាក់ថា ភាគីទាំងពីរនឹងជួបពិភាក្សាជាថ្មីនៅថ្ងៃទី២២ ខែមិថុនា ខាងមុខ ដើម្បីស្វែងរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងយូរអង្វែងជាងនេះ។ រហូតមកដល់ពេលនេះ Hezbollah មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយស្តីពីកិច្ចព្រមព្រៀងថ្មីនេះនៅឡើយទេ។

គួរបញ្ជាក់ថា សង្គ្រាមនៅលីបង់បានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពី Hezbollah បាញ់រ៉ុក្កែតចូលអ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមអាកាស និងប្រតិបត្តិការយោធាលើដីនៅភាគខាងត្បូងលីបង់រហូតមក។

ដោយឡែក តាមទិន្នន័យរបស់ក្រសួងសុខាភិបាលលីបង់ មនុស្សយ៉ាងហោចណាស់ ៣,៥១៦នាក់ បានស្លាប់ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ខណៈប្រជាពលរដ្ឋជាង ១លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន។ ចំណែកអ៊ីស្រាអែលវិញ បានរាយការណ៍ថា ទាហាន ២៦នាក់ និងជនស៊ីវិល ៤នាក់បានស្លាប់ក្នុងអំឡុងពេលជម្លោះនេះផងដែរ។

ប្រភព៖ BBC