|

អ៊ីស្រាអែល បំផ្លាញ​ទីតាំងយោធា និងឃ្លាំងអាវុធរបស់ Hezbollah ជាង ៧០កន្លែង ត្រឹមមួយថ្ងៃ ខណៈ​លោក Netanyahu សន្យា​ថា​នឹង «កម្ទេច» ក្រុមនេះចោល!


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារយោធាបន្ថែមទៀតលើក្រុម Hezbollah នៅប្រទេសលីបង់ ដោយប្តេជ្ញា “កម្ទេច” ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នេះ ស្របពេលស្ថានការណ៍សន្តិសុខនៅតាមព្រំដែនកាន់តែតានតឹង។

លោក Netanyahu បាននិយាយក្នុងសារវីដេអូមួយថា លោកបានបញ្ជាឱ្យយោធាអ៊ីស្រាអែល “បង្កើនល្បឿនប្រតិបត្តិការ” និងបន្ថែមអំណាចវាយប្រហារ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូន និងរ៉ុក្កែតពីក្រុម Hezbollah។

ជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាច្រើនលើតំបន់ភាគខាងត្បូង និងតំបន់ Bekaa Valley ក្នុងប្រទេសលីបង់ ដោយអះអាងថា បានវាយប្រហារលើទីតាំងយោធា និងឃ្លាំងអាវុធរបស់ Hezbollah ជាង ៧០កន្លែងក្នុងរយៈពេលតែមួយថ្ងៃ។

ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត បានចាប់ផ្តើមភៀសខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីការព្រមានរបស់អ៊ីស្រាអែល និងការវាយប្រហារដែលកាន់តែខ្លាំងឡើង។ ក្រសួងសុខាភិបាលលីបង់បានឱ្យដឹងថា មនុស្សជាង ៣,០០០នាក់បានស្លាប់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងជាថ្មីកាលពីដើមខែមីនា។

ក្រុម Hezbollah ក៏បានប្រកាសថា ខ្លួនបានបាញ់ដ្រូន និងរ៉ុក្កែតជាច្រើនគ្រាប់ទៅកាន់មូលដ្ឋានយោធាអ៊ីស្រាអែលនៅភាគខាងជើង ដោយអះអាងថា ជាការឆ្លើយតបចំពោះ “ការរំលោភបទឈប់បាញ់” ពីសំណាក់អ៊ីស្រាអែល។

ដោយឡែក ការកើនឡើងនៃអំពើហិង្សានេះ កំពុងគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងភាគីអន្តរជាតិ ក្នុងការចរចាបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយជាមួយអ៊ីរ៉ង់។

ប្រភព៖ The Guardian