ម៉ាឡេស៊ីគ្រោងចុះបញ្ជីជនភៀសខ្លួន និងអនុញ្ញាតឲ្យបុគ្គលស្របច្បាប់ចូលបម្រើការងារ ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្ម
រដ្ឋាភិបាលម៉ាឡេស៊ីកំពុងបង្កើនផែនការគ្រប់គ្រងជនភៀសខ្លួនថ្មីមួយ ដែលរួមមានការចុះបញ្ជីជនភៀសខ្លួនជាផ្លូវការ និងការភ្ជាប់អ្នកដែលមានសិទ្ធិទៅនឹងឱកាសការងារ ស្របពេលប្រទេសនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗមួយចំនួន។

តាមផែនការនេះ អាជ្ញាធរម៉ាឡេស៊ីនឹងអនុវត្តប្រព័ន្ធចុះបញ្ជីជនភៀសខ្លួនថ្នាក់ជាតិ ដើម្បីប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណអ្នកដែលមានស្ថានភាពជាជនភៀសខ្លួន ហើយបុគ្គលដែលត្រូវបានទទួលស្គាល់អាចទទួលបានឱកាសការងារស្របច្បាប់ និងទទួលបានការគាំទ្រផ្នែកសុខុមាលភាពមួយចំនួន។
មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា វិធានការនេះមានគោលបំណងដោះស្រាយបញ្ហាជនភៀសខ្លួន ដែលរស់នៅក្នុងប្រទេសដោយគ្មានស្ថានភាពផ្លូវច្បាប់ច្បាស់លាស់ ដើម្បីជួយបំពេញតម្រូវការកម្លាំងពលកម្មក្នុងវិស័យដែលកំពុងខ្វះខាត។
បច្ចុប្បន្ន ម៉ាឡេស៊ីមានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២០០,០០០ នាក់ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា។ ដោយសារមិនមានក្របខ័ណ្ឌច្បាប់ជាក់លាក់សម្រាប់ការទទួលស្គាល់ជនភៀសខ្លួន មនុស្សជាច្រើនត្រូវពឹងផ្អែកលើការងារក្រៅប្រព័ន្ធ ដែលងាយរងការកេងប្រវ័ញ្ច និងគ្មានការការពារផ្នែកសិទ្ធិការងារ។
ទោះជាយ៉ាងណា ក្រុមការពារសិទ្ធិមនុស្សមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលធានា ការការពារសិទ្ធិ និងទិន្នន័យផ្ទាល់ខ្លួនរបស់ជនភៀសខ្លួន ព្រមទាំងធានាថា ប្រព័ន្ធចុះបញ្ជីថ្មីនឹងមិននាំឱ្យមានការរើសអើង ឬការរំលោភសិទ្ធិមនុស្សឡើយ។
ប្រភព៖ CNA











