រុស្សី ប្រើដ្រូននិងមីស៊ីល វាយប្រហារទ្រង់ទ្រាយធំ លើទីក្រុងអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងតិច ១០នាក់ និងច្រើននាក់របួស!


មនុស្សយ៉ាងតិច ១០នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីយប់ថ្ងៃទី១ ខែមិថុនា និងឈានចូលព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏ធំបំផុតមួយរបស់ទីក្រុងម៉ូស្គូក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្ស ៤នាក់បានស្លាប់នៅរដ្ឋធានីកៀវ ខណៈមនុស្ស ៦នាក់ទៀតបានបាត់បង់ជីវិតនៅទីក្រុង Dnipro។ ក្នុងចំណោមអ្នករងរបួស មានកុមារជាច្រើននាក់ផងដែរ បន្ទាប់ពីមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) បានវាយប្រហារលើអគារលំនៅឋានជាច្រើនកន្លែង។

អភិបាលក្រុងកៀវ លោក Vitali Klitschko បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងជម្រកសុវត្ថិភាព ខណៈលោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាក្រុងកៀវ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទិកក្នុងការវាយប្រហារលើរដ្ឋធានី។

សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា មានសំឡេងផ្ទុះជាច្រើនលើក និងសំឡេងដ្រូនហោះហើរពេញផ្ទៃមេឃ ខណៈផ្សែងខ្មៅដ៏ក្រាស់បានហុយឡើងពីតំបន់កណ្តាលទីក្រុង។ ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅក្បែរស្ថានីយប្រេងឥន្ធនៈ ការដ្ឋានសំណង់ អគារលំនៅឋានជាច្រើន និងផ្ទះប្រជាពលរដ្ឋមួយចំនួន ព្រមទាំងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅតំបន់ខ្លះៗផងដែរ។

ដោយឡែក នៅទីក្រុង Kharkiv ភាគឦសាន អភិបាលក្រុងលោក Ihor Terekhov បានឱ្យដឹងថា មនុស្ស ១០នាក់ រួមទាំងកុមារម្នាក់ បានរងរបួសដោយសារការវាយប្រហារដោយដ្រូន និងមីស៊ីល។ ចំណែកឯទីក្រុង Zaporizhzhia ភាគខាងត្បូង ក៏មានរោងចក្រឧស្សាហកម្មមួយរងការវាយប្រហារផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានតាំងពីថ្ងៃចន្ទថា រុស្ស៊ីអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះសញ្ញាព្រមានការវាយប្រហារតាមអាកាស។

យ៉ាងណាមិញ ការវាយប្រហារចុងក្រោយនេះបានកើតឡើង ខណៈស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តតានតឹង និងមិនទាន់មានសញ្ញាណាមួយបង្ហាញពីការឈានទៅរកដំណោះស្រាយនយោបាយក្នុងពេលឆាប់ៗខាងមុខ។

ប្រភព៖ BBC