ការផ្ទុះឃ្លាំងរំសេវរបស់ក្រុមប្រដាប់អាវុធភាគតិចនៅមីយ៉ាន់ម៉ា សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥នាក់


ក្រុមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ហេតុការណ៍ផ្ទុះយ៉ាងសន្ធាប់នៃឃ្លាំងរក្សាទុកគ្រឿងផ្ទុះរបស់កងទ័ពឧទ្ទាមជនជាតិភាគតិចមួយក្រុម នៅក្នុងភូមិ Kaung Tat ក្បែរព្រំដែនប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៥នាក់បាត់បង់ជីវិត ខណៈដែលប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតកំពុងបន្តធ្វើឡើងយ៉ាងលំបាកទើបចំកណ្តាលវិនាសកម្មដ៏ធំធេង។

កងទ័ពរំដោះជាតិដាអាង (TNLA) ដែលជាក្រុមប្រដាប់អាវុធគ្រប់គ្រងតំបន់នោះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។ ក្រុម TNLA បានសារភាពថា គ្រឿងផ្ទុះដែលបានផ្ទុះឡើងនោះ គឺជាសម្ភារៈដែលខ្លួនបានរក្សាទុក «សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការរុករករ៉ែ»។ ធនធានរ៉ែរបស់មីយ៉ាន់ម៉ា រួមទាំងរ៉ែកម្រ (Rare Earths) បានក្លាយជាប្រភពចំណូលដ៏សំខាន់ទាំងសម្រាប់របបសឹក និងក្រុមឧទ្ទាម នៅក្នុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងតាំងពីឆ្នាំ២០២១ ក្រោយរដ្ឋប្រហារយោធា។

លោក Moe Z ដែលជាអ្នកភូមិម្នាក់បានរៀបរាប់ប្រាប់ Reuters ថា លោកកំពុងធ្វើដំណើរនៅលើផ្លូវដែលមានចម្ងាយប្រហែល ២,៤ គីឡូម៉ែត្រពីកន្លែងកើតហេតុ នៅពេលដែលការផ្ទុះបានកើតឡើង ដោយលោកបានឃើញផ្សែងហុយឡើងលើអាកាសដូចជារូបរាងផ្សិត (Mushroom Cloud)។ លោកបានបន្តថា៖ «អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរតែមើលមិនស្គាល់ វាហាក់ដូចជាភូមិទាំងមូលបានរលាយបាត់ស្រមោលអញ្ចឹង»។ នៅពេលលោកទៅដល់ទីតាំងកើតហេតុមួយម៉ោងក្រោយមក លោកបានឃើញបំណែកសាកសពខ្ចាត់ខ្ចាយពេញតំបន់ និងមានរណ្តៅដីដ៏ធំសម្បើមនៅត្រង់ចំណុចស្តុកគ្រឿងផ្ទុះ។

អ្នកកាសែតក្នុងស្រុកម្នាក់បានថ្លែងថា កម្លាំងផ្ទុះខ្លាំងរហូតដល់ថ្នាក់ធ្វើឱ្យជនរងគ្រោះមួយចំនួនត្រូវកប់នៅក្រោមគំនរបាក់បែក ហើយអាជ្ញាធរត្រូវប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ (Backhoes) ដើម្បីកាយស្វែងរកសាកសព។ ផ្ទះសម្បែងជាងពាក់កណ្តាលនៅក្នុងភូមិត្រូវបានបំផ្លាញ ហើយផ្ទះដែលស្ថិតនៅជិតចំណុចកណ្តាលនៃការផ្ទុះ គឺហែកដាច់ជាបំណែកៗ សូម្បីតែសសរផ្ទះក៏មិននៅសល់ដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុម TNLA បានប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងដាក់ទោសទណ្ឌលើអ្នកដែលមានការធ្វេសប្រហែស ព្រមទាំងផ្តល់ការសង្គ្រោះបន្ទាន់ ព្យាបាលសុខភាព និងស្តារឡើងវិញដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម TNLA កំពុងស្ថិតក្នុងកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្តោះអាសន្នជាមួយកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅក្នុងតំបន់ព្រំដែននោះ៕

ប្រភព៖ Reuters