គ្រោះមហន្តរាយទឹកជំនន់ដ៏ធំភ្លាមៗនៅនេប៉ាល់ និងទីបេ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន
នេប៉ាល់៖ មនុស្សយ៉ាងហោចណាស់ ១៦០នាក់បានស្លាប់ និងរាប់រយនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗដ៏ធ្ងន់ធ្ងរមួយ បានវាយប្រហារតំបន់ភាគខាងជើងប្រទេសនេប៉ាល់ ជិតព្រំដែនទីបេ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យភូមិ ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។








អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃពុធ ប៉ូលិសបានរកឃើញសាកសពចំនួន ១៥៧នាក់ ខណៈក្រុមសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់បន្ថែម។
ក្រសួងទេសចរណ៍នេប៉ាល់បានបញ្ជាក់ថា អ្នកទេសចរប្រមាណ ៤០៣នាក់ រួមមានជនបរទេស ៣៤១នាក់ មិនទាន់អាចទាក់ទងបាននៅឡើយទេ។ ក្នុងចំណោមអ្នកបាត់ខ្លួនជាជនបរទេស មានជនជាតិឥណ្ឌា ១៤២នាក់ ព្រមទាំងជនជាតិអូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី ហូឡង់ ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប៉ូលិសចំនួន ២៨នាក់ក៏ត្រូវបានរាយការណ៍ថាបាត់ខ្លួនផងដែរ។
នៅតំបន់ទីបេរបស់ចិន អាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង ២៦៥នាក់ទៀតបាត់ខ្លួន បន្ទាប់ពីបាក់ដីបានវាយប្រហារតំបន់ច្រកព្រំដែន Gyirong ដែលបណ្តាលឱ្យផ្លូវថ្នល់ ប្រព័ន្ធទំនាក់ទំនង និងការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ Shigatse រងការរំខានជាបន្តបន្ទាប់។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងពេញលេញ ដើម្បីស្វែងរកអ្នកបាត់ខ្លួន និងពង្រឹងប្រព័ន្ធតាមដាន ព្រមទាំងការព្រមានជាមុន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយបន្ទាប់បន្សំ។
នៅប្រទេសនេប៉ាល់ កម្រិតទឹកខ្ពស់បានរារាំងឧទ្ធម្ភាគចក្រមិនអាចចុះចតនៅតំបន់ Syapru Besi និង Timure ក្នុងខេត្ត Rasuwa បានទេ ខណៈអាជ្ញាធរ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Bhote Koshi ផ្លាស់ទីទៅកាន់ទីទួលខ្ពស់ ចំណែកក្រុមជួយសង្គ្រោះបានចាប់ផ្តើមប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន និងជួយសង្គ្រោះបន្ថែម។
ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីនេប៉ាល់បានឱ្យដឹងថា សមត្ថភាពផលិតអគ្គិសនីប្រមាណ ៤៣០មេហ្គាវ៉ាត់ រួមមានគម្រោងវារីអគ្គិសនី និងថាមពលព្រះអាទិត្យ បានរងការខូចខាតធ្ងន់ធ្ងរ ដែលបណ្តាលឱ្យការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនមានការរំខាន។
ចំពោះមូលហេតុនៃទឹកជំនន់ អាជ្ញាធរមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកអាកាសធាតុ និងគ្រោះមហន្តរាយនៅនេប៉ាល់បានសង្ស័យថា ការបាក់ធ្លាក់នៃផ្ទាំងទឹកកក និងថ្មពីតំបន់ភ្នំ អាចជាកត្តាដែលបង្កឱ្យទន្លេ Lhende Khola ជន់ឡើងភ្លាមៗ និងបញ្ចេញលំហូរទឹកដ៏ខ្លាំងចូលទៅក្នុងទន្លេ Bhote Koshi។
គួរបញ្ជាក់ថា ទន្លេ Bhote Koshi មានប្រភពដ៏សំខាន់នៅតំបន់ទីបេ ដែលហូរចូលប្រទេសនេប៉ាល់ ហើយបន្តទៅទន្លេ Trishuli មុននឹងហូរចូលប្រទេសឥណ្ឌា។ តំបន់នេះក៏ធ្លាប់រងទឹកជំនន់ធ្ងន់ធ្ងរកាលពីឆ្នាំ២០២៥ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបំផ្លាញស្ពានតភ្ជាប់នេប៉ាល់-ចិន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។
ប្រភព៖ Al Jazeera












