មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំបាឋកថាស៊េរីជាសាធារណៈលើកទី១ លើប្រធានបទ “ នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ”
នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ បានផ្ដួចផ្ដើមរៀបចំបាឋកថាស៊េរីជាសាធារណៈ «ឧត្តមគតិ» លើកទី១ លើប្រធានបទ “ នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ” ដែលមានការអញ្ជើញជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម កែវ ពង្ស ទីប្រឹក្សាផ្ទាល់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បាឋកថានេះ ត្រូវបានរៀបចំឡើងនៅរាជបណ្ឌិតសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងអ្នកស្រាវជ្រាវនៃ ម.អ.ក ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និង សិស្សនិស្សិត នៃសាកលវិទ្យាល័យពាក់ព័ន្ធចំនួនប្រមាណ ៣០០ នាក់។










បាឋកថាស៊េរីជាសាធារណៈ លើកទី១ស្ដីពី «នយោបាយឈ្នះ-ឈ្នះ» ធ្វើឡើងក្នុងគោលបំណងបង្កើនការ យល់ដឹងជាពិសេសក្នុងចំណោមស្រទាប់យុវជន អំពីតម្លៃពិតប្រាកដនៃសន្តិភាព និងដំណើរតស៊ូយូរអង្វែងដែល បាននាំឱ្យប្រទេសជាតិឈានដល់ស្ថានភាពដូចសព្វថ្ងៃ។ បាឋកថានេះមានបំណងឱ្យយុវជនអាចស្គាល់ និងទទួលស្គាល់ យ៉ាងជ្រាលជ្រៅចំពោះវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ជំនាន់មុន ដែលបានបំពេញភារកិច្ចប្រវត្តិសាស្ត្រ ដ៏លំបាកក្នុងការនាំមកសុខសន្តិភាពពេញលេញជូនជាតិ។ ការយល់ដឹងនេះមានសារសំខាន់ក្នុងការបណ្តុះស្មារតីគោរព អតីតកាល និងបង្កើនការយកចិត្តទុកដាក់ចំពោះតម្លៃនៃសន្តិភាព នៅគ្រប់កាលៈទេសៈ។
បាឋកថានេះក៏មានគោល បំណងបំផុសស្មារតីសាមគ្គីភាពជាតិ និងការទទួលខុសត្រូវរួម ក្នុងការរក្សា និងការពារសមិទ្ធផលដែលទទួលបាន ដោយលំបាក។ វាមិនត្រឹមតែផ្តល់ជាចំណេះដឹងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅជំរុញឱ្យយុវជនក្លាយជា អ្នកបន្តមរតកសន្តិភាព ដោយចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយផ្អែកលើចំណេះដឹង សមត្ថភាព និងស្មារតីឯកភាពជាតិដ៏រឹងមាំ។















