មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំបាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ស្តីពី «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»


ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ បានរៀបចំបាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដើម្បីផ្តល់ជាវេទិកាសម្រាប់បញ្ញវន្តកម្ពុជាចែករំលែក ផ្លាស់ប្តូរចំណេះដឹង-បទពិសោធន៍ ពិភាក្សាស៊ីជម្រៅលើទិដ្ឋភាព ដែលកើតឡើងថ្មីៗ នៅសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីអ្នកជំនាញស្រាវជ្រាវ អ្នកសារព័ត៌មាន សិស្ស-និស្សិត និងអ្នកពាក់ព័ន្ធប្រមាណ ៣៥០នាក់។

កម្មវិធីនេះ មានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៣រូប រួមមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សូមបញ្ជាក់ជូនថា បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» នេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់បញ្ញវន្តកម្ពុជា ចែករំលែកចំណេះ ដឹងអំពីតួនាទីរបស់ការអប់រំក្នុងការកសាងសតិជាតិ និងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមបរិបទនៃការអភិវឌ្ឍ សង្គមសម័យទំនើប ព្រមទាំងជំរុញការយល់ដឹងថា “ការអប់រំមិនមែនជាការផ្តល់ចំណេះដឹង និងជំនាញតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះនៃការបណ្តុះពលរដ្ឋដែលមានគុណធម៌ វិន័យ ស្មារតីភាពជាម្ចាស់ ទំនួលខុសត្រូវ និងឆន្ទៈក្នុងការកែលម្អខ្លួនជាបន្តបន្ទាប់ ដើម្បីរួមចំណែកការពារ និងអភិវឌ្ឍប្រទេសជាតិ”។

លើសពីនេះ បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» ក៏មានបំណងបង្កើត និងពង្រីកបណ្តាញរវាងអ្នកស្រាវជ្រាវ អ្នកជំនាញ អ្នកធ្វើគោលនយោបាយ និងយុវជន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងឆ្លងវិស័យ ព្រមទាំងអភិវឌ្ឍសមត្ថភាពវិភាគ និងការត្រិះរិះពិចារណារបស់យុវជន និងអ្នកវិជ្ជាជីវៈ ឱ្យអាចធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងបង្កើនសមត្ថភាពស្រាវជ្រាវផងដែរ។