អ៊ុយក្រែន ប្រើយន្តហោះគ្មានមនុស្សបើកប្រមាណ ៣៤៧ គ្រឿង វាយប្រហារលើមជ្ឈមណ្ឌលភស្តុភារយោធារុស្សី ចំពេលរុស្សីរឹតបន្តឹងសន្តិសុខក្នុងទិវាជ័យជំនះរបស់ខ្លួន!
អ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំមួយលើទឹកដីរុស្ស៊ី ដែលត្រូវបានរាយការណ៍ថាបានកំណត់គោលដៅលើមជ្ឈមណ្ឌលភស្តុភារយោធាសំខាន់មួយនៅជិតទីក្រុងមូស្គូ ត្រឹមប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីប្រារព្ធទិវាជ័យជំនះថ្ងៃទី៩ ខែឧសភា។


យោងតាមប្រភពត្រួតពិនិត្យរបស់រុស្ស៊ី និងប្រភពព័ត៌មានបើកចំហរបស់អ៊ុយក្រែន យន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើភស្តុភារយោធា Nara ស្ថិតក្នុងទីក្រុង Naro-Fominsk ភាគនិរតីនៃទីក្រុងមូស្គូ។
មជ្ឈមណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរុស្ស៊ី និងមានផ្ទៃដីប្រមាណ ២០០ ហិកតា ដោយត្រូវបានគេជឿថាមានតួនាទីសំខាន់ក្នុងការផ្ទុក និងចែកចាយសម្ភារៈយោធាសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
ការវាយប្រហារនេះកើតឡើង ខណៈអាជ្ញាធររុស្ស៊ីកំពុងរឹតបន្តឹងវិធានការសន្តិសុខនៅទីក្រុងមូស្គូ មុនពិធីក្បួនដង្ហែរទិវាជ័យជំនះរបស់វិមានក្រឹមឡាំងចូលមកដល់។ វិធានការទាំងនោះរួមមានការរឹតបន្តឹងអ៊ីនធឺណិត ការគ្រប់គ្រងអាកាសយានដ្ឋាន និងការពង្រឹងសន្តិសុខនៅទូទាំងរដ្ឋធានីផងដែរ។
សេចក្តីរាយការណ៍បានឱ្យដឹងថា សំឡេងផ្ទុះ និងសកម្មភាពការពារដែនអាកាសត្រូវបានគេឮនៅតំបន់ជាច្រើនរបស់រុស្ស៊ី រួមមានទីក្រុងមូស្គូ Bryansk Tver Rostov Samara និង Tula។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿង ត្រូវបានស្ទាក់ចាប់ ខណៈជាច្រើនគ្រឿងកំពុងហោះចូលក្បែររដ្ឋធានី។ លោកបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលមានកម្ទេចកម្ទីធ្លាក់ចុះ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍វាយប្រហារមជ្ឈមណ្ឌលភស្តុភារយោធានោះទេ។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៤៧ គ្រឿង នៅទូទាំងតំបន់រុស្ស៊ីចំនួន ២០ ព្រមទាំងតំបន់គ្រីមៀ និងលើសមុទ្រខ្មៅ សមុទ្រអាហ្សូវ និងសមុទ្រកាសព្យែនផងដែរ។
ដោយឡែក នៅតំបន់ Bryansk យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋានចំនួនពីរ បណ្តាលឱ្យផ្ទះល្វែងជាង ២០ ទៀត រងការខូចខាត។ អភិបាលតំបន់ លោក Alexander Bogomaz បានឱ្យដឹងថា មនុស្ស ១៣ នាក់ រួមទាំងកុមារម្នាក់ បានរងរបួស។ ចំណែកនៅទីក្រុង Rzhev ក្នុងតំបន់ Tver អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា អគារលំនៅដ្ឋានចំនួនបីរងការខូចខាត ដែលនាំឱ្យមានការជម្លៀសប្រជាពលរដ្ឋប្រមាណ ៣៥០ នាក់ រួមទាំងកុមារ ៦០ នាក់។
ការវាយប្រហារទ្រង់ទ្រាយធំនេះក៏បានប៉ះពាល់ដល់ប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីផងដែរ។ អាជ្ញាធរអាកាសចរណ៍ Rosaviatsia បានផ្អាក ឬរឹតបន្តឹងជាបណ្តោះអាសន្នប្រតិបត្តិការនៅអាកាសយានដ្ឋានជាច្រើន រួមមានអាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូ និងអាកាសយានដ្ឋាននៅ Sochi Kazan Samara Krasnodar និង Nizhny Novgorod។
គួររំលឹកថា ហេតុការណ៍នេះកើតឡើងចំពេលមានការជជែកគ្នាពាក់ព័ន្ធនឹងសំណើបទឈប់បាញ់សម្រាប់ទិវាជ័យជំនះ ដែលវិមានក្រឹមឡាំងបានស្នើឱ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅថ្ងៃទី៨ និងទី៩ ខែឧសភា ដើម្បីសម្រួលដល់ពិធីរំលឹក ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលសំណើនេះ ដោយចាត់ទុកថា ជា “ការសម្តែងនយោបាយ” ដើម្បីការពារទីក្រុងមូស្គូពីការវាយប្រហារ។
ប្រភព៖ War Today















