|

លោក Donald Trump និយាយថា សហរដ្ឋអាមេរិកនឹង “ជួយដោះលែង” នាវាពាណិជ្ជកម្មដែលគ្មានកំហុស ពីការជាប់គាំងនៅច្រកសមុទ្រ Hormuz


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រតិបត្តិការមួយដើម្បី «ជួយដោះលែង» នាវាពាណិជ្ជកម្មដែលកំពុងជាប់គាំងនៅក្នុង Strait of Hormuz ចាប់ពីថ្ងៃចន្ទ នេះតទៅ។

ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់បណ្ដាប្រទេសដែលនាវារបស់ពួកគេជាប់គាំង។ លោកបានអះអាងថា សហរដ្ឋអាមេរិកនឹងណែនាំនាវាទាំងនោះឲ្យឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយសុវត្ថិភាព ដើម្បីអាចបន្តសកម្មភាពពាណិជ្ជកម្មវិញបាន។

ប្រធានាធិបតីអាមេរិកក៏បានព្រមានថា ការជ្រៀតជ្រែកណាមួយទៅលើប្រតិបត្តិការនេះ «នឹងត្រូវបង្ខំចិត្តចាត់វិធានការធ្ងន់» ខណៈលោកTrumpក៏បានអះអាងថា នាវាជាច្រើនកំពុងប្រឈមនឹងការខ្វះស្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់ក្រុមនាវិក។

យ៉ាងណាមិញ មិនទាន់មានភាពច្បាស់លាស់ថា ប្រតិបត្តិការនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច ឬមានការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ដែរ ឬអត់ទេ។ ប្រសិនបើមានការប្រឆាំងពីអ៊ីរ៉ង់ វាអាចប៉ះពាល់ដល់បទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ដែលកំពុងស្ថិតក្នុងសភាពផុយស្រួយ។

ជាមួយគ្នានេះ បន្ទាប់ពីការប្រកាសនេះ អាជ្ញាធរអ៊ីរ៉ង់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ លោក Ebrahim Azizi ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានថា ការជ្រៀតជ្រែកណាមួយពីសហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រនឹងត្រូវចាត់ទុកថាជាការរំលោភលើបទឈប់បាញ់។

ដោយឡែក នៅផ្នែកយោធា United States Central Command (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមគាំទ្រនាវាពាណិជ្ជកម្មដែលស្វែងរកការឆ្លងកាត់ដោយសេរី ចាប់ពីថ្ងៃចន្ទនេះ ដោយមេបញ្ជាការ Brad Cooper បាននិយាយថា បេសកកម្មនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីវិធានការអនុវត្តនោះទេ។

ទោះជាយ៉ាងណា លោក Trump បានបញ្ជាក់ថា ផ្លូវដោះស្រាយតាមការទូតនៅតែបើកចំហ ដោយអះអាងថា តំណាងរបស់លោកកំពុងមានការពិភាក្សាវិជ្ជមានជាមួយអ៊ីរ៉ង់ ហើយលោក ក៏បានបន្ថែមថា ប្រតិបត្តិការនេះមានគោលបំណង «ដោះលែងមនុស្ស ក្រុមហ៊ុន និងប្រទេសដែលមិនបានធ្វើអ្វីខុស» ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ។

ប្រភព៖ Aljazeera