|

កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ឆ្នាំ២០២៦នេះ!


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មការជាតិ លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។

កិច្ចប្រជុំបានពិភាក្សាអំពីមូលបទ និងបច្ចុប្បន្នភាពការងារនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល ដែលសម្រេចបានតាមរយៈកិច្ចប្រជុំលើកទី១ និងលើកទី២ របស់គណៈកម្មការជាតិនាពេលកន្លងមក និងបច្ចុប្បន្នភាពការងាររបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៦ នៃគណៈកម្មការជាតិ។

គួរជម្រាបផងដែរថា នៅឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ដែលជាលើកទីមួយក្នុងរយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍។

ប្រភព៖ MoEYS