មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅសម្របសម្រួលទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ


ថ្ងៃសុក្រ ទី ១០ ខែតុលា ឆ្នាំ ២០២៥_ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារអចិន្រ្តៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព និងជម្រកស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក។

តាមរយៈដំណើរនៃកិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅនៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ ហើយមានការចូលរួមពីឯកឧត្តម អនុប្រធាន សមាជិក និងក្រុមជំនួយការរួមទាំងអភិបាល-អភិបាលរងខេត្តជាប់ព្រំដែនប្រទេសជិតខាង (ថៃ-ឡាវ-វៀតណាម) តាមប្រព័ន្ធ ZOOM។

ជាងនេះទៅទៀតអង្គប្រជុំនេះ បានចេញនូវលទ្ធផលការងារ អំពីបញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត ព្រមទាំងពិភាក្សាយ៉ាងផុសផុល។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានផ្ដល់មតិបូកសរុប និងដឹកនាំសំខាន់ៗ ដូចជា៖
១. សូមឱ្យក្រុមការងារអចិន្រ្តៃយ៍ប្រើប្រាស់ព័ត៌មាន និងធាតុចូលទាំងអស់សម្រាប់រៀបចំផែនការជាយុទ្ធសាស្ត្រ។
២. សម្រាប់ការកំណត់ទីតាំងសុវត្ថិភាព គួរយកទីតាំងឯកជនរដ្ឋ ដូចជាសាលារៀន វត្ត អារាម ជាដើម។
៣. ក្រុមការងារទាំងអស់ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួន និងតាមដានស្ថានភាពជាប្រចាំ។

ប្រភព៖ ក្រសួងមហារផ្ទៃ