|

រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជម្រកបណ្ដោះអាសន្នដែលថៃបានតវ៉ានោះ គឺសុទ្ធសឹងជាពលរដ្ឋដែលរងផលប៉ះពាល់ពីសកម្មភាពឈ្លានពានរបស់ថៃផ្ទាល់


រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការបញ្ជាក់ជាផ្លូវការចំពោះលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដែលបានតវ៉ាចំពោះការសាងសង់ជម្រកបណ្ដោះអាសន្ននៅតំបន់ជុំវិញ និងការដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សាលាខេត្តស្រះកែវ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ានោះ ជាតំបន់ដែលប្រជាពលរដ្ឋកម្ពុជា បានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាននៃកិច្ចព្រមព្រៀង MOU ឆ្នាំ ២០០០។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការសាងសង់ជម្រកបណ្ដោះអាសន្នក្នុងតំបន់នេះ គឺមានគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជាមធ្យោបាយការពារខ្លួនរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានការប៉ះទង្គិចនាពេលកន្លងមក។ សកម្មភាពប្រជាពលរដ្ឋខ្មែរដែលបានប្រមូលផ្តុំក៏ត្រូវបានធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន គឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា ដាក់រនាំង សំណាញ់ខ្មៅ និងការទប់ស្កាត់ចរាចរណ៍ ដែលធ្វើឲ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ ហើយបានភៀសខ្លួនមកស្នាក់នៅតំបន់នោះ។

យ៉ាងណាមិញ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ដដែលថា តំបន់នោះនៅតែជាតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់ ហើយមិនមានសមត្ថកិច្ចណាមួយអាចកំណត់ព្រំដែនបានឡើយ។ តាមកិច្ចព្រមព្រៀង MOU ឆ្នាំ ២០០០ និងកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

ដើម្បីរក្សាសន្តិភាព និងបន្ថយភាពតានតឹង រដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ភាគីទាំងពីរនៅតែបន្តសម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានភាពនៅតំបន់នោះឲ្យប្រកបដោយសន្តិវិធី និងជៀសវាងសកម្មភាពណាមួយដែលអាចបង្កើនវិវាទ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឲ្យភាគីថៃ រង់ចាំលទ្ធផលនៃការដោះស្រាយពី គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយបន្តសហការជាមួយគ្នា ក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីរក្សាសន្តិភាព និងជៀសវាងផលប៉ះពាល់អវិជ្ជមានរបស់ភាគីទាំងពីរ។