|

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ការបណ្ដេញមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃដែលពាក់ព័ន្ធនឹងគ្រឿងញៀនចេញ គឺជាការកាត់សាច់ស្អុយ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា«៥ខែចុងក្រោយនេះ យើងឃើញមន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ ខ្ញុំខ្លួនឯងផ្ទាល់ ឬមួយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឬមួយឯកឧត្តមអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។

គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឈរលើអភិក្រមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។ នេះបើយោងតាមប្រសាសន៍៕កឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើង៕

ប្រភព៖ ក្រសួងមហាផ្ទៃ