| |

ឯកឧត្តមបណ្ឌិត សោម រតនា៖ “ការបង្កើនគុណភាពអប់រំ ត្រូវការការវិនិយោគ ហើយរាល់ការវិនិយោគ ត្រូវធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល”


នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អរការអប់រំឧត្តមសិក្សា (HEIP2) ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សៀវភៅណែនាំប្រតិបត្តិគម្រោងនិងសៀវភៅណែនាំប្រតិបត្តិសម្រាប់ការធ្វើទំនើបកម្ម និងការទទួលស្គាល់គុណភាពកម្មវិធីអប់រំ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២”។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមកពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំង ៩ មន្រ្តីនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានឧត្តមសិក្សា ប្រមាណ ១០០នាក់។

សិក្ខាសាលានៅនេះ មានគោលបំណង ១) សិក្សាឈ្វេងយល់អំពីនិតិវិធីប្រតិបត្តិរួមនៃឯកសារគោលចំនួន២ គឺសៀវភៅណែនាំប្រតិបត្តិគម្រោង (Project Operation​​​ Manual) និងសៀវភៅណែនាំប្រតិបត្តិសម្រាប់ការធ្វើទំនើបកម្ម និងការទទួលស្គាល់គុណភាពកម្មវិធី​​អប់រំ (Operation Manual for Academic Program Modernization and Quality Recognition) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា និង២). អនុវត្តការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការផ្តល់អន្តរាគមន៍ឱ្យ​បានទាន់ពេលវេលា ដើម្បីឈានទៅសម្រេចបានសូចនាករគោលបំណងអភិវឌ្ឍគម្រោង និងសូចនាករលទ្ធផលរយៈពេលមធ្យមរបស់គម្រោង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគម្រោងមក ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ដែលបានរៀបចំនូវសិក្ខាសាលាដ៏មានសារសំខាន់ នាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តការងារ ដែលត្រូវបទដ្ឋានជាការចាំបាច់ក្នុងការធានាបាននូវគុណភាព និងប្រសិទ្ធភាពការងារ ដែលនេះជាគោលបំណងនៃការរៀបរៀងឡើងនូវសៀវភៅប្រតិបត្តិទាំងនេះ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា “ការបង្កើនគុណភាពអប់រំ ត្រូវការការវិនិយោគ ហើយរាល់ការវិនិយោគ ត្រូវធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល។ កម្រិតនៃប្រសិទ្ធភាព ក៏អាស្រ័យផងដែរតាមអនុលោមភាពនៃក្រមប្រតិបត្តិ ដែលមន្រ្តីម្នាក់ៗត្រូវប្រកាន់យក។

ឆ្លៀតក្នុងឱកាសនោះដែរ អង្គពិធីទាំងមូល ក៏បានងើបឈរ សង្រួមចិត្ត និងស្មឹងស្មាធិគោរពដល់វិញ្ញាក្ខន្តនៃបណ្តាវីរកងទព័យើង ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់កងទព័ថៃនាពេលកន្លងមក។