បារាំង បង្ហាញការគាំទ្រកម្ពុជា និងត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។
បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ជាថ្មីម្តងទៀត ចំពោះកិច្ចការ និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ រួមទាំងទស្សនកិច្ច និងទស្សនកិច្ចការងារ និង ការចូលរួមសន្និសីទស្តីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន របស់សម្តេចនៅបារាំង នៅចុងឆ្នាំ ២០២២។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្តេចនៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធក៏កម្រមួយដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំងពីពេលនោះ សម្តេចបានបន្តលើកឡើងថា សម្តេច និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បាន ធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅឆ្នាំ២០២៦។

ស្របគ្នានេះ សម្តេចបានបន្តលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងសាជាថ្មី នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ២៩ឆ្នាំ ក្រោយពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមនៅឆ្នាំ១៩៩៧ ដែលជាការរួមចំណែកលើកកម្ពស់ថែរក្សាមរតកភាសាបារាំង។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក៕
















