អតីតប្រធានាធិបតីអាមេរិក លោក Jo Biden កើតជំងឺមហារីកធ្ងន់ធ្ងរ!
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកJo Biden បាននិយាយកាលពីថ្ងៃអាទិត្យថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងវ័យ ៨២ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលដល់ឆ្អឹង។

ការធ្វើរោគវិនិច្ឆ័យនេះ បានរកឃើញបន្ទាប់ពីគាត់បានជួបគ្រូពេទ្យកាលពីសប្តាហ៍មុន។ មហារីកគឺជាទម្រង់នៃជំងឺដែលធ្ងន់ធ្ងរក្នុងកម្រិតទី ៩ ក្នុងចំណោម ១០ ។ នេះមានន័យថាជំងឺរបស់អតីតប្រធានាធិបតីរូបនេះ ត្រូវបានចាត់ថ្នាក់ក្នុង”កម្រិតខ្ពស់” ហើយកោសិកាមហារីកអាចរីករាលដាលយ៉ាងឆាប់រហ័ស នេះបើយោងតាម Cancer Research UK ។

ក្រោយពីព័ត៌មានបែកធ្លាយនៃការធ្វើរោគវិនិច្ឆ័យរបស់លោក Jo Biden លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social ថារូបលោកផ្ទាល់ និងស្ត្រីទីមួយ Melania Trump “មានការសោកស្ដាយដែលបានឮអំពីការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រថ្មីៗនេះ។ ជាមួយគ្នានេះ Trump ក៏បានរំលេចសារជូនពរលោក Jo Biden ឱ្យឆាប់ជាសះស្បើយផងដែរ។ ដោយឡែក លោក Barack Obama – អតីតប្រធានាធិបតីពីឆ្នាំ២០០៩ ដល់២០១៧ បាននិយាយថា “គ្មាននរណាម្នាក់បានធ្វើលើសពីនេះទៀត ដើម្បីស្វែងរកការព្យាបាលដ៏ជោគជ័យសម្រាប់ជំងឺមហារីកគ្រប់ទម្រង់របស់វា ជាង Joe នោះទេ ហើយខ្ញុំប្រាកដថា គាត់នឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនេះបាន”។

យោងតាមគ្លីនិក Cleveland មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរដែលប៉ះពាល់ដល់បុរស បន្ទាប់ពីជំងឺមហារីកស្បែក។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) និយាយថា បុរស ១៣ នាក់ក្នុងចំណោម ១០០ នាក់នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ។ CDC បាននិយាយថាអាយុគឺជាកត្តាហានិភ័យទូទៅបំផុត។

លោកវេជ្ជបណ្ឌិត William Dahut ប្រធានផ្នែកវិទ្យាសាស្ត្រនៃសមាគមជំងឺមហារីកអាមេរិក និងជាគ្រូពេទ្យជំងឺមហារីកក្រពេញប្រូស្តាត បាននិយាយថា “ជាទូទៅ ប្រសិនបើមហារីកបានរាលដាលដល់ឆ្អឹង យើងមិនគិតថា វាត្រូវបានគេចាត់ទុកថាជាមហារីកដែលអាចព្យាបាលបាននោះទេ”។ ទោះជាយ៉ាងណាក៏ដោយគាត់បានកត់សម្គាល់ថាអ្នកជំងឺភាគច្រើនមានទំនោរឆ្លើយតបយ៉ាងល្អចំពោះការព្យាបាលដំបូង “ហើយមនុស្សអាចរស់នៅបានច្រើនឆ្នាំជាមួយនឹងការធ្វើរោគវិនិច្ឆ័យ” ។
គួរបញ្ជាក់ថា កាលពីខែមុននៅឯសន្និសីទមួយក្នុងទីក្រុង Chicago អតីតប្រធានាធិបតី Jo Biden បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះលទ្ធផលមិនល្អរបស់គាត់នៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ប្រឆាំងនឹងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ និងប្រធានាធិបតីបច្ចុប្បន្នលោក Donald Trump ។ លោកត្រូវបានបង្ខំឱ្យចាកចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ដោយសារការព្រួយបារម្ភអំពីសុខភាព និងកត្តាអាយុរបស់លោក ដោយលោក គឺជាមនុស្សចាស់ជាងគេដែលកាន់តំណែងក្នុងប្រវត្តិសាស្ត្រអាមេរិក។
ប្រភព៖ BBC