អាមេរិក ប្រាប់ឱ្យថៃដោះស្រាយបញ្ហាពាណិជ្ជកម្មឱ្យរួចរាល់សិន មុនពេលចង់ចរចាជុំវិញអត្រាពន្ធ
ក្រុមមន្ត្រីបាននិយាយថា ការពិភាក្សារវាងសហរដ្ឋអាមេរិក និងប្រទេសថៃ ជុំវិញផែនការរបស់រដ្ឋបាល Trump ក្នុងការដាក់ពន្ធ ៣៦% យ៉ាងសន្ធឹកសន្ធាប់ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោះស្រាយនូវបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា គ្មានកាលបរិច្ឆេទថ្មីណាមួយត្រូវបានកំណត់សម្រាប់កិច្ចពិភាក្សានោះទេ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមពន្យារពេលការចរចាដែលបានគ្រោងទុកពីមុននៅថ្ងៃទី២៣ ខែមេសា។ លោកស្រី មិនបានបញ្ជាក់ថាមានបញ្ហាអ្វី នោះទេ ដោយគ្រាន់តែនិយាយថា “យើងនឹងឈានដល់ការពិភាក្សាជាមួយនឹងផ្នត់គំនិតថា នឹងផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេផ្ដល់មកឱ្យយើង” ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បាននិយាយថា រដ្ឋបាល Trump ក៏ចង់ឱ្យទីក្រុងបាងកក ពិនិត្យមើលការគ្រប់គ្រងរូបិយប័ណ្ណផងដែរ។
ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលប្រឈមមុខនឹងអត្រាពន្ធនាំចូលខ្ពស់បំផុតបន្ទាប់ពីអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកកើនឡើងទ្វេដងដល់ប្រហែល ៤៦ពាន់លានដុល្លារកាលពីឆ្នាំមុន។

ព័ត៌មាននៃការទាមទាររបស់សហរដ្ឋអាមេរិកបានលេចឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានកំណត់ពន្ធថ្មីខ្ពស់ដល់ ៣,៥២១% លើការនាំចូលថាមពលពន្លឺព្រះអាទិត្យពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ រួមទាំងប្រទេសថៃ ដែលជាចំណុចកំពូលនៃការស៊ើបអង្កេតដែលបានរកឃើញថាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការនាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងអត្រាទាបជាងតម្លៃផលិតកម្ម។ បន្ទាប់ពីពន្ធស្រដៀងគ្នានេះត្រូវបានដាក់លើការនាំចូលថាមពលពន្លឺព្រះអាទិត្យពីប្រទេសចិនប្រហែល ១២ឆ្នាំមុន ក្រុមហ៊ុនផលិតរបស់ចិនបានឆ្លើយតបដោយការបង្កើតប្រតិបត្តិការនៅក្នុងប្រទេសផ្សេងទៀតដែលមិនរងផលប៉ះពាល់ដោយពន្ធនេះ។
លោកស្រី Paetongtarn បានសរសេរនៅលើ Facebook ថា “ប្រសិនបើមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រភពដើមនៃផលិតផល នោះបរិមាណផលិតផលដែលគេចពីច្បាប់នឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងក្នុងរយៈពេល៩០ថ្ងៃ” នេះនឹងបើកឱកាសសម្រាប់សហគ្រិនថៃ រួមទាំងសហគ្រាសធុនតូច និងមធ្យមថៃ ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ដោយអនុញ្ញាតឱ្យផលិតផលថៃ និងវត្ថុធាតុដើមរបស់ថៃអាចនាំចេញទៅក្រៅប្រទេសបានកាន់តែច្រើន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Pichai Naripthaphan ដែលជាផ្នែកមួយនៃក្រុមចរចាថៃ បាននិយាយថា រដ្ឋាភិបាលសង្ឃឹមទទួលបានលទ្ធផលល្អ នៅពេលណាដែលការចរចាត្រូវបានធ្វើឡើង ខណៈដែលប្រទេសទាំងពីរមានទំនាក់ទំនងទ្វេភាគី “ល្អ និងយូរអង្វែង”។
រដ្ឋបាលរបស់ Paetongtarn បាននិយាយថា ការយកពន្ធខ្ពស់ជាងការរំពឹងទុកលើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ អាចកាត់បន្ថយយ៉ាងហោចណាស់មួយភាគរយនៃកំណើនរបស់ខ្លួននៅឆ្នាំនេះ ប្រសិនបើវាមិនមានការចរចារចុះ។
ប្រទេសថៃក៏បានស្នើឱ្យបង្កើនការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកដូចជាពោត ឧស្ម័នធម្មជាតិ និងអេតាន ក្រៅពីការកាត់បន្ថយពន្ធនាំចូល និងការដករបាំងមិនមែនពន្ធដើម្បីធានាកិច្ចព្រមព្រៀង។
ប្រភព៖ Bloomberg