| |

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់នៅលើទំព័រផ្លូវការថា៖ «នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។

កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដោយទទួលបានព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីដោយផ្ទាល់។

សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ»៕