សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកឡើងថាសៀវភៅប្រវត្តិវិទ្យារបស់ក្រសួងអប់រំមានខ្លឹមសារដឹងគុណដល់ប្រទេសវៀតណាម គឺជាការបំផុសឱ្យខ្មែរលែងទុកចិត្តគ្នាឯង
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជុំវិញការលើកឡើងរបស់មតិមួយចំនួន ដែលថាសៀវភៅប្រវត្តិសាស្ត្រថ្មីរបស់ក្រសួងអប់រំ គឺជារូបតំណាងដែលបង្ហាញការដឹងគុណដល់ប្រទេសជិតខាង។

សម្ដេចធិបតីបានមានប្រសាសន៍ថា អត្ថន័យ និងគោលគំនិតក្នុងសៀវភៅនេះ គឺមិនមានខ្លឹមសារណាមួយដែលបង្ហាញការដឹងគុណដល់ប្រទេសជិតខាងដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលគឺនៅរក្សារខ្លឹមសារដដែល ដែលបង្ហាញពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។ ជាមួយគ្នានេះ តាមរយៈប្រវត្តិសាស្ត្រនេះ គឺជាការបង្ហាញឱ្យកូនខ្មែរបានយល់ពីតម្លៃនៃសុខសន្តិភាព ហើយរួមគ្នាការពារកុំឱ្យបាត់បង់។
សម្ដេចធិបតីបានបន្ថែមថា ការលើកឡើថាសៀវភៅនេះមានខ្លឹមសារបំភ្លៃប្រវត្តិសាស្ត្រ គឺជាការបំផុសឱ្យខ្មែរលែងទុកចិត្តគ្នាឯង។ សម្ដេចបន្តថា បើយើងនៅតែមិនទុកចិត្តគ្នា វានឹងក្លាយទៅជាមូលហេតុនៃការបង្កឱ្យមានសង្គ្រាមសតិអារម្មណ៍ បែកបាក់សាមគ្គីរវាងខ្មែរគ្នាឯង។ សម្ដេចក៏បានស្នើឱ្យក្រសួងអប់រំធ្វើការបង្ហោះខ្លឹមសារនៅក្នុងសៀវភៅនេះផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមិនបានដឹងពីខ្លឹមសារពិតប្រាកដ បានស្វែងយល់ឱ្យកាន់តែច្បាស់៕