|

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការប៉ះទង្គិចគ្នារវាងបណ្ឌិត សុខ ទូច និងសមត្ថកិច្ចពិនិត្យជាតិអាល់កុល អាចកើតឡើងដោយសារភាពហត់នឿយរៀងខ្លួន


ការប៉ះទង្គិចគ្នារវាងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល ដែលពិនិត្យជាតិអាល់កុល និងលោកបណ្ឌិត សុខ ទូច គឺជាប្រធានបទក្ដៅ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនលើកមកវែកញែក និងបញ្ចេញមតិ។

ជុំវិញករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ការប៉ះទង្គិចរបស់ភាគីទាំងពីរ សុទ្ធតែមានហេតុ និងមានផល ដែលមិនអាចទះដៃតែម្ខាងលឺនោះទេ។ ចំពោះមូលហេតុដែលនាំឱ្យមានការប៉ះទង្គិចគ្នាកើតឡើងនេះ អាចបណ្ដាលមកពីភាពនឿយហត់រៀងខ្លួន រហូតកើតចេញនូវពាក្យពេចន៍ សម្ដី និងកាយវិការមិនសមរម្យ។ លោកបន្តថា វាក៏អាចបង្កឡើងដោយសារការភាន់ច្រឡំ និងការយល់ផ្សេងគ្នាដោយប្រការណាមួយ។

យ៉ាងណាមិញ ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា នឹងទទួលយកទាំងមតិវិជ្ជមាន និងអវិជ្ជមានពីបងប្អូនមហាជន ដើម្បីទទួលជាធាតុចូល មកពិចារណា និងចាត់ទុកជាបទពិសោធន៍សម្រាប់អនុវត្តបន្តទៀត។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យទុកឱ្យទុកតួនាទីនេះជូនសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធីក្នុងការដោះស្រាយ។ ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យអញ្ជើញភាគីទាំងពីរ ដើម្បីមកដោះស្រាយ។ ដូច្នេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋរង់ចាំលទ្ធផលជាវិជ្ជមាននៃជំនួបរវាងភាគីទាំងពីរ ដោយឈរលើគោលនយោបាយ ឈ្នះ-ឈ្នះ៕