នាយករដ្ឋមន្ត្រីកម្ពុជា និង ប្រធាននាធិបតីឋហ្វីលីពីន អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC»


នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Michael G. Aguinaldo ប្រធានគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC» បានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង គ.ប.ក. និង PCC” ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធាននាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន នៅកំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅសាធារណៈរដ្ឋហ្វីលីពីន។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់នូវក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិជិតស្និតរវាង គ.ប.ក. និង PCC រួមមាន ការចែករំលែកព័ត៌មានលើករណីប្រកួតប្រជែងឆ្លងដែន ការជូនដំណឹងអំពីសកម្មភាពពាក់ព័ន្ធនឹងការអនុវត្តច្បាប់ កិច្ចសម្របសម្រួលនិងកិច្ចសហការលើការស៊ើបអង្កេតនិងការងារបច្ចេកទេស ដូចជាការ
បណ្តុះបណ្តាលសមត្ថភាពរួមគ្នារបស់មន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បញ្ចកោណទី៣ មុំទី៤ «ការពង្រឹងការប្រកួតប្រជែង» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។