|

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈថា៖ «រើសឱ្យចំ ថែឱ្យនៅ»


សម្ដេចនាយករដ្ឋមន្ត្រីមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងអប់រំយុវជន និងកីឡា ជាមួយក្រសួងមុខងារសាធារណៈ ត្រូវគិតពីក្របខណ្ឌបច្ចេកទេសថ្មី ចំពោះការបណ្ដុះបណ្ដាលគ្រូកិច្ចសន្យា ដោយនៅក្នុងនោះសម្ដេច បានស្នើឱ្យមានការរៀបចំការបណ្ដុះបណ្ដាលគុនវុឌ្ឍជូនលោកគ្រូ អ្នកគ្រូ ដែលចូលក្របខណ្ឌផងដែរ។

សម្ដេចបានមានប្រសាសន៍ថា ប្រសិនបើគ្រូបង្រៀនកិច្ចសន្យា ដែលគាត់មានសមត្ថភាព ហើយសាលានៅចង់ឱ្យគាត់នៅបង្រៀន នោះលោកគ្រូ អ្នកគ្រូ អាចត្រូវបានបន្តកិច្ចសន្យាជាបន្តបន្ទាប់រហូតដល់ចូលនិវត្តន៍ ហើយនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នឹងត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីមន្ត្រីក្របខណ្ឌ គឺនឹងត្រូវបានអនុញ្ញាតឱ្យផ្ទេរទៅកាន់ក្រសួងផ្សេងប្រសិនបើមានភាពចាំបាច់ ដោយឡែកមន្ត្រីកិច្ចសន្យា ក៏អាចមានជម្រើសផ្ទេរទៅបម្រើការជាមន្ត្រីកិច្ចសន្យានៅកន្លែងផ្សេងបានដូចគ្នា។

សម្ដេចបានបញ្ជាក់ថា ការធ្វើដូចនេះ គឺដើម្បីបើកច្រកទាញយកគ្រូ និងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ចូលមក។ សម្ដេចបន្តថា ឥឡូវនេះរដ្ឋាភិបាលបាន និងកំពុងគិតរឿងប្រាក់ចូលនិវត្តន៍របស់គ្រូបង្រៀនកិច្ចសន្យាផងដែរ ដែលទោះបីជាលោកគ្រូ អ្នកគ្រូ ធ្វើការបង្រៀនសាលារដ្ឋក្ដី ឬប្ដូរទៅសាលាឯកជនក្ដី គឺប្រាក់ចូលនិវត្តន៍នឹងត្រូវបូកបញ្ចូលរហូត។ ដូចនេះ បន្ទាត់រវាងមន្ត្រីក្របខណ្ឌពេញសិទ្ធ ជាមួយមន្ត្រីកិច្ចសន្យា គឺនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នា។

សម្ដេចបានបន្តថា គួរតែមានការរៀបចំធនធានមនុស្សដែលមានភាពបត់បែនបែបនេះ ដើម្បីផ្ដល់ឱ្យអ្នកធ្វើការមានជម្រើសច្រើន ហើយមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋលែងប្រកាន់រវាងឯកជន និងរដ្ឋ។

គួរបញ្ជាក់ថា ប្រសាសន៍នេះត្រូវបានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។