ក្រសួងមុខងារសាធារណៈ និង KOICA សហការគ្នាពង្រឹងទំនាក់ទំនងកម្ពុជាកូរ៉េ តាមរយៈការអនុវត្តគម្រោងស្តីពី«ការពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោងស្តីពី«ការពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»។


កិច្ចប្រជុំនេះបានចាប់ផ្ដើមដោយមតិស្វាគមន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីវិធានការគន្លឹះសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ បន្ទាប់មកទៀត លោកស្រីនាយិកាស្តីទី (KOICA) បានធ្វើមតិដោយសង្ខេបអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងនោះដែរលោកស្រីរំលេចអំពីសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីចាប់ផ្តើមគម្រោង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាល។




នៅក្នុងកិច្ចប្រជុំដដែលនេះ អ្នកជំនាញការកូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេបអំពីលទ្ធផលនៃការចុះធ្វើទស្សនកិច្ចសិក្សាស៊ីជម្រៅ ដើម្បីឈានទៅដល់ការអនុវត្តគម្រោង។ តាមរយៈបទបង្ហាញនេះ អ្នកជំនាញការកូរ៉េ បានបង្ហាញយ៉ាងលំអិត ទៅលើកិច្ចការនីមួយៗ ដែលភាគីទាំងពីរត្រូវអនុវត្ត ផ្អែកតាមលទ្ធផលជាក់ស្តែង។ ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។


ក្រោយពីការបានស្តាប់ការធ្វើបទបង្ហាញរបស់អ្នកជំនាញការកូរ៉េ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ដែលបានដើរតួនាទីក្នុងនាមជាប្រតិបត្តិករក្រោមស្មារតី នៃទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយឯកភាពចំពោះទិសដៅ នៃការអនុវត្តគម្រោង ដែលកើតចេញពីលទ្ធផលនៃការសិក្សាស៊ីជម្រៅលើគម្រោង ព្រមទាំងជឿជាក់ថា កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ នឹងនាំមកនូវលទ្ធផលល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេសចូលរួមលើកកម្ពស់វិស័យមុខងារសាធារណៈ និងអភិបាលកិច្ចនៅកម្ពុជាកាន់តែប្រសើរ។