សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដៃម្ខាងរបស់រាជរដ្ឋាភិបាលគឺរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ និងដៃម្ខាងទៀតត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក
តម្លៃស្រូវធ្លាក់ចុះ នៅតែជាប្រធានបទរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីកសិកម្ម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ខុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កង្វល់របស់ប្រជាពលរដ្ឋជារឿងត្រឹមត្រូវ ប៉ុន្តែរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញ មិនបាននៅស្ងៀម មិនអើពើនោះទេ ព្រោះវិស័យកសិកម្ម គឺជាវិស័យអាទិកភាពសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ក៏ដូចជាសម្រាប់ពិភពលោកផងដែរ។

សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខស្បៀង ដោយ យកចិត្តទុកដាក់លើរឿងសំខាន់ ២ គឺអ្នកផលិត និងអ្នកប្រើប្រាស់។ ក្នុងន័យនេះ គឺការធានានូវតុល្យភាពដៃម្ខាងរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ និងដៃម្ខាងទៀតត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក ជាពិសេសចំណីអាហារ។

សម្ដេចបានបន្តថា រាជរដ្ឋាភិបាលមិនគិតគូតែលើមួយជ្រុងនោះទេ រដ្ឋាភិបាលត្រូវតែដោះស្រាយតុល្យភាពចំណូលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសចំណាយសមរម្យ តាមរយៈការធានាតម្លៃមិនថ្លៃហួសហេតុ ដើម្បីកុំឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក៕

