|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ “ការវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នណាមួយ ឬប៉ះពាល់ដល់ផលប្រយោជន៍មន្ត្រីណាមួយនោះទេ”


មានប្រសាសន៍ ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានលើកឡើងថា “ការវិភាគមុខងារ គឺជាឱកាសឱ្យយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវ តាមរយៈការធ្វើការងារជាមួយគ្នាផង សិក្សាជាមួយគ្នាផង ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍរួមគ្នា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការបម្រើប្រជាជន និងដឹកនាំប្រទេសជាតិឱ្យកាន់តែប្រសើរជាងយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះ”។

ក្នុងសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលាថា ដើម្បីពង្រឹងសហប្រតិបត្តិការ ភាពប្រទាក់ក្រឡា និងភាពច្បាស់លាស់រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប សម្រាប់កូនចៅ និងមន្ត្រីរាជការជំនាន់ក្រោយ។

ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នណាមួយនោះទេ ឬប៉ះពាល់ដល់ផលប្រយោជន៍មន្ត្រីណាមួយដែរ តែការវិភាគមុខងារនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាសម្រួចសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការអនុវត្តការងារក្នុងស្ថាប័នឱ្យចំគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។” “ការវិភាគមុខងារ គឺជាឱកាសឱ្យយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវ តាមរយៈការធ្វើការងារជាមួយគ្នាផង សិក្សាជាមួយគ្នាផង ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍរួមគ្នា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការបម្រើប្រជាជន និងដឹកនាំប្រទេសជាតិឱ្យកាន់តែប្រសើរជាងយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះ។ ” ឯកឧត្តមបានបញ្ជាក់បន្ថែម។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា “ក្នុងនាមក្រសួងមុខងារសាធារណៈ ជាសេនាធិការនៃរដ្ឋាភិបាល និងជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងបាន ត្រៀមខ្លួនជាស្រេចក្នុងការបង្កើននូវអភិក្រមនៃការធ្វើការងារជាមួយក្រសួង ស្ថាប័ន ក្នុងការពិគ្រោះយោបល់គ្នា ដើម្បីស្វែងយល់ពីការវិភាគមុខងារផង និងស្វែងយល់នូវបញ្ហាប្រឈមរបស់ក្រសួង ស្ថាប័នផង ទាំងការវិវត្តលក្ខខណ្ឌបច្ចេកទេស និងនយោបាយ ដើម្បីដំណោះស្រាយស្របតាមស្ថានភាពជាក់ស្តែង ក្នុងការគិតគូរបន្ស៊ីផែនការរបស់ក្រសួងទាំងពីរជាមួយគ្នា អនុវត្តជាមួយគ្នាឆ្ពោះសម្រេចបានសមិទ្ធផលជាក់ស្តែង”៕