ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់នូវអនុសាសន៍សំខាន់ចំនួន៦ ចំណុច អំពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។ ពិធីនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ តំណាងក្រសួង ស្ថាប័នទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈជាច្រើនរូប។

មតិស្វាគមន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ផ្តល់ជាទស្សនវិស័យ ចំណេះដឹងបន្ថែម និងគុណវុឌ្ឍ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដើម្បីរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ឱ្យទទួលបានប្រសិទ្ធភាព គុណាធិបតេយ្យ និងប្រកបដោយបរិយាបន្ន។

ប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីសារៈសំខាន់នៃការវិភាគមុខងារ និងភាពសំខាន់នៃក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំការងារវិភាគមុខងារ ពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យសម្តេចធិបតី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ចំនួន៦ ជូនទៅដល់អង្គសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ ទី១. ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយឈរលើអភិក្រម ផ្តោតលើការរៀបចំផ្ទះរបស់យើង ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ជាជាងការពង្រីក រចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទី២. ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ត្រូវឈរលើភាពជាម្ចាស់ ការទទួលខុសត្រូវតាមបន្ទាត់ គណនេយ្យភាព និងការរក្សាផលប្រយោជន៍របស់មន្ត្រី។ ទី៣. ការវិភាគមុខងារ និងរចនាសម្ព័ន្ធឱ្យបានច្បាស់លាស់របស់ក្រសួង ស្ថាប័ន ត្រូវគិតគូរដល់ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែង ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ ទី៤. ក្រសួង ស្ថាប័ន ត្រូវរៀបចំធ្វើការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រី រាជការស៊ីវិល ដើម្បីឆ្លើយតបឱ្យគ្រាន់ពេលវេលាដែលបានកំណត់។ ទី៥. ក្រសួងមុខងារសាធារណៈ បានរៀបចំក្រុមការងារបច្ចេកទេសគាំទ្រតាម វិស័យ ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការ អនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ដែលក្រុមការងារនេះនឹងជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន ប៉ុន្តែដើម្បីសម្រេចកិច្ចការនេះក្រសួង ស្ថាប័ន ត្រូវឈរលើស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវ ផ្តល់កិច្ចសហការ និងការ ចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី៦. ក្រសួង ស្ថាប័ន ត្រូវរៀបចំផ្តល់នូវរបាយការណ៍វឌ្ឍនភាពជាប្រចាំ មក ក្រសួងមុខងារសាធារណៈ លើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ដើម្បីក្រសួងមុខងារសាធារណៈអាចមាន លទ្ធភាពជួយផ្តល់ការសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស បន្ថែមឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការបូកសរុបរបាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាល។

ប្រភព៖ ក្រសួងមុខងារសាធារណៈ