| |

តើអ្វីជាភាពសំខាន់ពិតប្រាកដរបស់ Greenland? ហេតុអ្វីបានជា Trump ចិញ្ចឹមចិត្តចង់បានទឹកដីនេះ?


កាលពីអាណត្តិដំបូងរបស់គាត់ ប្រធានាធិបតីជាប់ឆ្នោត Donald J. Trump បានជំរុញឱ្យជំនួយការរបស់គាត់រិះរកមធ្យោបាយទិញ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក។ ក្រោយការឈ្នះឆ្នោតត្រៀមក្លាយជាប្រធានាធិបតីលើកទី២ ការយកចិត្តទុកដាក់របស់លោក Donald J. Trump ការទិញយក Greenland សម្រាប់សហរដ្ឋអាមេរិកបានត្រលប់មកវិញម្ដងទៀត។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារលោក Donald Trump បានបដិសេធក្នុងការច្រានចោលការប្រើប្រាស់កម្លាំងយោធា ឬ សេដ្ឋកិច្ចដើម្បីដណ្តើមយកទឹកដី ពីប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ លោកបាននិយាយថា “យើងត្រូវការហ្គ្រីនឡែនសម្រាប់គោលបំណងសន្តិសុខជាតិ” ដោយលើកហេតុផលថាដាណឺម៉ាកគួរតែលះបង់វាដើម្បីការពារ “ពិភពលោកសេរី” ។ ជាមួយគ្នានេះ Trump ថែមទាំងបាន គំរាមយកពន្ធលើប្រទេសដាណឺម៉ាកប្រសិនបើមិនធ្វើតាមការចង់បានរបស់អាមេរិក។

នៅព្រឹកថ្ងៃដដែល លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការទិញយកទឹកដីអាកទិកដ៏មានសក្ដានុពលរបស់អាមេរិក “គឺជាកិច្ចព្រមព្រៀងដែលត្រូវតែកើតឡើង” ព្រមជាមួយការបង្ហោះរូបថតកូនប្រុសច្បងរបស់លោក គឺលោក Donald Trump Jr. ដែលកំពុងបំពេញទស្សនកិច្ចនៅ Greenland ។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានបន្ថែមថាភាពជាម្ចាស់ និងការគ្រប់គ្រងលើហ្គ្រីនលែន គឺជាភាពចាំបាច់ដាច់ខាត ហើយលោកនឹងធ្វើឲ្យប្រទេសហ្គ្រីនឡង់អស្ចារ្យម្ដងទៀត។

បន្ទាប់ពីសន្និសីទសារព័ត៌មាននោះ ប្រទេសដាណឺម៉ាកបានប្រតិកម្មយ៉ាងខ្លាំងចំពោះសំណើនេះ ដោយនិយាយថាកោះដ៏ធំបំផុតរបស់ពិភពលោកគឺមិនមែនសម្រាប់លក់ទេ ហើយនាយករដ្ឋមន្រ្តីនៃ Greenland លោក Mute B. Egede បានច្រានចោលនូវគោលបំណងលោក Trump ចំពោះទឹកដីនេះផងដែរ។ លោក Egede បាននិយាយថា “Greenland ជាកម្មសិទ្ធិរបស់ប្រជាជន Greenland” ។ “អនាគតរបស់យើង និងការតស៊ូទាមទារឯករាជ្យ គឺជាកាតព្វកិច្ចរបស់យើង”។

ហេតុអ្វី Greenland សំខាន់?

ផ្ទាំងទឹកកកដ៏ធំរបស់ហ្គ្រីនលែនកំពុងរលាយយ៉ាងឆាប់រហ័ស នៅពេលដែលផែនដីឡើងកំដៅតាមរយៈការបង្កើនល្បឿននៃការផ្លាស់ប្តូរអាកាសធាតុ។ ការរលាយនៃទឹកកកនេះអាចអនុញ្ញាតឱ្យមានការខួងយកប្រេង និងការជីកយករ៉ែដូចជាទង់ដែង លីចូម នីកែល និង cobalt ។ ធនធានរ៉ែទាំងនោះមានសារៈសំខាន់សម្រាប់ឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលផលិតទួរប៊ីនខ្យល់ ខ្សែបញ្ជូន អាគុយ និងរថយន្តអគ្គិសនី។

ដោយសារតែសីតុណ្ហភាពកាន់តែខ្ពស់ ផ្ទាំងទឹកកកដែលមានទំហំប្រហែល ១១,០០០ ម៉ាយការ៉េរបស់ Greenland បានរលាយអស់ហើយក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ដែលជាតំបន់មួយមានទំហំប្រហែលរដ្ឋ Massachusetts។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលដាណឺម៉ាកបានបញ្ចេញរបាយការណ៍ដែលរៀបរាប់លម្អិតអំពីសក្តានុពលរបស់ហ្គ្រីនលែនថាជាកន្លែងសម្បូររ៉ែដ៏មានតម្លៃ និងមាន”លក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតកំណករ៉ែ រួមទាំងរ៉ែឆៅសំខាន់ៗជាច្រើន” ។

ទឹកកករលាយនៅតំបន់អាក់ទិកក៏កំពុងបើកនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្រថ្មីមួយនៅក្នុងភូមិសាស្ត្រនយោបាយ៖ ផ្លូវដឹកជញ្ជូនខ្លីជាង និងមានប្រសិទ្ធភាពជាងមុន។ ជាឧទាហរណ៍ ការរុករកតាមសមុទ្រអាកទិកពីអឺរ៉ុបខាងលិចទៅអាស៊ីបូព៌ាគឺខ្លីជាងប្រហែល ៤០ ភាគរយបើធៀបនឹងការជិះទូកតាមព្រែកជីកស៊ុយអេ។ ចរាចរណ៍កប៉ាល់នៅតំបន់អាកទិកបានកើនឡើង ៣៧ ភាគរយរួចទៅហើយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអាកទិកថ្មីៗនេះ។

ដោយឡែក ប្រទេសចិនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងសំខាន់លើផ្លូវថ្មីមួយឆ្លងកាត់តំបន់អាក់ទិក ហើយនៅក្នុងខែវិច្ឆិកា ប្រទេសចិន និងរុស្ស៊ីបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីបង្កើតផ្លូវដឹកជញ្ជូននៅតំបន់អាកទិក។

មិនតែប៉ុណ្ណោះ អតីតទីប្រឹក្សាសន្តិសុខជាតិម្នាក់របស់លោក Donald Trump គឺលោក Robert C. O’Brien បានលើកឡើងថា “Greenland គឺជាផ្លូវហាយវេពីអាកទិកគ្រប់ផ្លូវទៅកាន់អាមេរិកខាងជើងទៅសហរដ្ឋអាមេរិក” ។ “វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់តំបន់អាក់ទិក ដែលនឹងក្លាយជាសមរភូមិដ៏សំខាន់នៃអនាគត ពីព្រោះនៅពេលដែលអាកាសធាតុកាន់តែក្តៅ អាកទិកនឹងក្លាយជាផ្លូវដែលប្រហែលជាកាត់បន្ថយការប្រើប្រាស់ព្រែកជីកប៉ាណាម៉ា”៕

ប្រភព៖ NY times