|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ” គ្រូត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ”


នេះជាប្រសាសន៍របស់ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៤ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំអតីតគរុសិស្ស-និស្សិត ក្រោមប្រធានបទ “រួមគ្នាកសាងឧត្ដមភាពគ្រូបង្រៀន សម្រាប់ជាតិយើង” ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ អង្គការដៃគូ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ អតីតគរុសិស្ស និងគរុនិស្សិតទាំងអស់ មានសរុបចំនួន ៧៥០នាក់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលតែងតែអប់រំសិស្សានុសិស្សឱ្យក្លាយជាមនុស្សល្អ ខិតខំរៀនសូត្រ តស៊ូ មានគុណធម៌ សីលធម៌ គោរពវិន័យ ដើម្បីក្លាយខ្លួនជាធនធានមួយដែលសង្គមត្រូវការ។ ជាមួយនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបច្ចេកវិទ្យាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះហើយប្រទេសកម្ពុជាត្រូវតែធ្វើការបើកចំហ និងធ្វើសមាហរណកម្មខ្លួនទៅក្នុងសេដ្ឋកិច្ចសង្គមឌីជីថល ដើម្បីធានាបាននូវផលិតភាពសេដ្ឋកិច្ចខ្ពស់ និងឧត្ដមភាពការប្រកួតប្រជែងសេដ្ឋកិច្ច។ លោកគ្រូ អ្នកគ្រូ ត្រូវតែព្យាយាមស្វែងយល់ពីផ្នែកបញ្ញាសិប្បនិម្មិត(AI) ដែលកំពុងអភិវឌ្ឍនេះឱ្យបានច្បាស់លាស់ សម្រាប់ ភាពងាយស្រួលក្នុងការរៀន និងបង្រៀន ដើម្បីអភិវឌ្ឍន៍សិស្ស អភិវឌ្ឍន៍សង្គម និងវិស័យអប់រំបន្តទៀត ។

ឆ្លើយតបទៅនឹងប្រធានបទខាងលើ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពាក្យមួយឃ្លាដល់គ្រូ និងអនាគតគ្រូគ្រប់រូបគឺ “ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ”។ គ្រូ បង្រៀនគួរតែចេះភាសាបរទេស ដើម្បីឱ្យការស្រាវជ្រាវមានភាពទូលំទូលាយ ក៏ដូចជាអភិវឌ្ឍគំនិតខ្លួនឱ្យខ្លាំង។ ដូច្នេះ គ្រូបង្រៀនត្រូវតែជាអ្នករៀនពេញ១ជីវិត ជាអ្នកបង្រៀនពេញ១ជីវិត ជាអ្នកសិក្សាស្រាវជ្រាវពេញ១ជីវិត និងជាអ្នកអភិវឌ្ឍខ្លួនពេញ១ជីវិត ដើម្បីផលិតបាននូវធនធានមនុស្សល្អចំពោះប្រទេសជាតិ។ បន្ថែមពីនេះទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីចរិតលក្ខណៈរបស់គ្រូបង្រៀនជាច្រើន ដូចជា ១).រៀនពេញមួយជីវិត ២).មុខវិជ្ជាឯកទេស ៣).វិធីសាស្ត្របង្រៀន ៤).រង្វាយតម្លៃ ៥).ភាសាបរទេស ៦).បច្ចេកវិទ្យាព័ត៌មាន ៧).ក្រមសីលធម៌វិជ្ជាជីវៈ ៨).ស្រាវជ្រាវ ៩).ចែករំលែក ១០).សុទិដ្ឋិនិយម ១១).ប្ដេជ្ញាចិត្ត ១២).សុចរិតភាព ១៣).ទទួលខុសត្រូវ និង ១៤).ស្មារតីសហការ៕

ប្រភព៖ MoEYS