ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ត្រូវចេះភ្លេងកាយរឹទ្ធិ
នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិលើកទី១ ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
![](https://media.brandbodia.com/wp-content/uploads/2024/05/IMG_6250.jpg)
ក្នុងឱកាសនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិលើកទី១ ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព» នាព្រឹកនេះ ត្រូវបានរៀបចំឡើង ដើម្បីឧទ្ទិសដល់សន្តិភាព ឧទ្ទិសដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព វិបុលសុខដល់ជាតិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ កម្មវិធីនេះ ក៏ជាការលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងកម្មវិធីសិក្សាក្រៅម៉ោង ដែលនឹងជួយអភិវឌ្ឍកាយសម្បទា សុខភាពផ្លូវចិត្ត និងការរ៊សិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព ស្របតាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអប់រំយុវជនដែលជាអ្នកបន្តវេនលើផ្នែកវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ឱ្យក្លាយជាធនធានមនុស្សក្នុងសតវត្សទី២១។
![](https://media.brandbodia.com/wp-content/uploads/2024/05/IMG_6252-2.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ត្រូវចេះភ្លេងកាយរឹទ្ធិ និងបានលើកទឹកចិត្តឱ្យយុវជនកាយរឹទ្ធជាតិកម្ពុជា បន្តការហ្វឹកហាត់របស់ខ្លួន និងជួយបង្រៀនទៅដល់យុវជនដទៃទៀត ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងការរីកចម្រើននៃភ្លេងរឹទ្ធិកម្ពុជា។
![](https://media.brandbodia.com/wp-content/uploads/2024/05/photo_2024-05-03_11-35-13-1024x768.jpg)
![](https://media.brandbodia.com/wp-content/uploads/2024/05/photo_2024-05-03_11-35-10-1024x596.jpg)
គួរបញ្ជាក់ថា ក្រុមភ្លេងកាយរឹទ្ធិ ដែលបានចូលរួមប្រកួតដណ្តើមជ័យលាភីជាមានចំនួន៨ ក្រុម មកពី ៦ រាជធានីខេត្ត ចូលរួមប្រកួត ដូចជា៖ រាជធានីភ្នំពេញ ចំនួន ៣ ក្រុម (កងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ) ខេត្តកណ្តាល ១ក្រុម ខេត្តសៀមរាប ១ក្រុម ខេត្តឧត្តរមានជ័យ ១ក្រុម ខេត្តកោះកុង ១ក្រុម និងខេត្តរតនគិរី ១ក្រុម ។