|

អំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម សត្យា វុធ និងឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមជាមួយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំង ក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ អញ្ជើញចូលរួមនាឱកាសនោះមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុត្ថហត្ថ និងកងកម្លាំងគ្រប់ប្រភេទ សរុបប្រមាណ ៤០០នាក់ ។

ឯកឧត្តម សេង ញ៉ក់ បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននាឱកាសនោះ។ ឯកឧត្តមបានបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺដែលបាន និងកំពុងបំពេញការងារដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិយើង។ ជាពិសេសនាឱកាសនៃពិធីចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ស្របពេលដែលប្រជាពលរដ្ឋគ្រប់ទិសទីកំពុងសប្បាយរីករាយជួបជុំក្រុមគ្រួសារ កងកម្លាំងទាំងអស់ត្រូវនៅប្រចាំការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនបានសម្រាកនោះឡើយ។

ជំនួសមុខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណកងកម្លាំងទាំងអស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាការពារថែរក្សាសុខសន្តិភាព និងសុវត្ថិភាព ជូនប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋជារួម ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា សេចក្តីសុខរបស់ប្រទេសជាតិ ពិតជាមិនអាចកាត់ផ្តាច់ចេញពីកងកម្លាំងប្រដាប់អាវុធយើងបានឡើយ ដោយសារបងប្អូនកងកម្លាំង បានចូលរួមបំពេញកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា សុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន និងប្រទេសជាតិ។

សូមជម្រាបជូនថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ ចំនួន ០៤ អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ ៥ តោន មី ២០០កេស ទឹកសុទ្ធ ១០០ កេស ភេសជ្ជៈ ១៥០ កេស និងថវិកា ៨លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារៈ ថវិកាបន្ថែមមួយចំនួនពីឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាផងដែរ។