|

រដ្ឋបាលរាជធានី- ខេត្ត ចាប់ផ្ដើមអនុវត្តវិធានការយ៉ាងតឹងរ៉ឹងលើរថយន្តធំៗ និងយានយន្តកែច្នៃគ្រប់ប្រភេទ


ដោយយោងទៅតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា បេីកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធត្រួតពិនិត្យការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់សុីផ្លេរ បំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈ ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ និងសមត្ថកិច្ចពាក់ព័ន្ធ ទទួលភារកិច្ចអនុវត្ត ឱ្យបានតឹងរ៉ឹង ព្រមទាំងធ្វើការណែនាំដល់ក្មួយៗយុវជន កុមារ បញ្ឈប់រាល់សកម្មភាព រាំទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលបង្កឱ្យភាពអាណាធិបតេយ្យដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លុវសាធារណៈ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

គួររំលេកផងដែរថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្ត សកម្មភាពទាំងនេះនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ពួកគេតែម្តង៕

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង