ខេត្ត ៤ ជាប់សមុទ្រ! ផ្ដល់ឱកាសការងារចំនួន ១,២៥៤កន្លែង សម្រាប់អតីតពលករត្រឡប់ពីថៃ និងអ្នកកំពុងស្វែងរកការងារ


ភ្នំពេញ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ១ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ខេត្តទាំង៤ ដែលមានឱកាសការងារទាំងនោះ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ឱកាសការងារទាំងនេះមាននៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដើម្បីផ្ដល់ជម្រើសការងារជូនអតីតពលករត្រឡប់ពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ចំពោះបងប្អូនដែលមានបំណងចូលបម្រើការងារ អាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតប័ណ្ណការងាររបស់ក្រសួង ដែលមានបញ្ជាក់អំពីឈ្មោះរោងចក្រ សហគ្រាស លេខទំនាក់ទំនង និងវិស័យការងារដែលខ្លួនចាប់អារម្មណ៍ ដើម្បីងាយស្រួលក្នុងការទាក់ទង និងដាក់ពាក្យស្នើសុំការងារដោយផ្ទាល់។ ជាមួយគ្នានេះ បងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

ប្រភព៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ