| |

ហេតុអ្វីត្រូវពឹងវៀតណាម មិនពឹងអង្គការសហប្រជាជាតិ?សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «កុំយកនិន្នាការនយោបាយមកបកស្រាយប្រវត្តិសាស្ត្រ»


មានប្រសាសន៍នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១ ០០០ នាក់ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងមតិមួយចំនួន ជុំវិញថ្ងៃរំដោះ ០៧ មករា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅអំឡុងពេលនោះ កម្ពុជាមានជម្រើសពីរ ទីមួយគឺលោកខាងលិច (អាមេរិក) និងទីពីរគឺខាងកើត (វៀតណាម)។ តើហេតុអ្វីកម្ពុជាមិនពឹងអង្គការសហប្រជាជាតិ ដើម្បីជួយអន្តររាគមន៍ បែរជាទៅពឹងវៀតណាម? សម្ដេចបន្តថា នៅក្នុងអំឡុងឆ្នាំ ១៩៧៨ មានជនភៀសខ្លួនពីកម្ពុជារត់ទៅប្រទេសថៃ ហើយអង្គការសហប្រជាជាតិក៏បានធ្វើបទសម្ភាសន៍ ដែលពិតជាបានបញ្ជាក់ថាមានការកាប់សម្លាប់នៅប្រទេសកម្ពុជា។ យ៉ាងណាមិញ ការលូកដៃចូលជួយក្នុងសង្គ្រាមនៅកម្ពុជា គឺជាការមួយខុសនឹងច្បាប់ UN ដោយសាររដ្ឋាភិបាលកម្ពុជាពេលនោះមិនបានសំណូរពរសុំជំនួយនោះទេ។ ដូច្នេះហើយ កម្ពុជាចាំបាច់ស្វាគមន៍នូវរាល់ជំនួយ ដោយមិនរើសថាប្រទេសណា ឬជាតិសាសន៍ណានោះទេ។

សម្ដេច បានផ្ដាំផ្ញើទៅមជ្ឈដ្ឋានអ្នកវិភាគថា សូមកុំយកនិន្នាការនយោបាយ មកបកស្រាយលើទិដ្ឋភាពប្រវត្តិសាស្ត្រ គួរយកប្រវត្តិសាស្ត្រមកបកស្រាយលើប្រវត្តិសាស្ត្រ ទើបមានសច្ចភាពពិតប្រាកដ៕