ស្ថានការណ៍ពិភពលោកកំពុងវឹកវរ ប៉ុន្តែកម្ពុជានៅតែមានទំនុកចិត្តថា ឆ្នាំ ២០២៤ ជាឆ្នាំរស់ឡើងវិញ នៃវិស័យទេសចរណ៍


ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃ វិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយផងដែរក្នុងឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ ក្រោមការធានាបាននូវសុខសន្តិភាព ស្ថិរភាព រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ តែងបានផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរ តាមរយៈការជួយជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត។ នេះជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដែលឈានទៅដល់ការដាក់ក្ដីរំពឹងខ្ពស់ អំពីការងើបឡើងវិញនៃវិស័យទេសចរណ៍។

ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ កម្ពុជា មានអាកាសយានដ្ឋានថ្មី ដែលអនុញ្ញាតឱ្យយន្តហោះ ឡើងចុះបាន២ ទិសផ្សេងគ្នា ខណៈដែលព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។ ជាមួយគ្នានេះ អាកាសយាដ្ឋាននេះ បំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ រួមទាំងការដាក់ដំណើរការប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា ផងដែរ។

លើសពីនេះ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ ការណ៍នេះ ជាការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត ដែលមានបំណងចូលមកទស្សនាកម្សាន្តនៅកម្ពុជា ជាពិសេសការទាក់ទាញបាននូវកំណើនភ្ញៀវទេសចរនៅតំបន់អង្គរ ដែលជាគោលដៅទេសចរដ៏សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។

ដោយឡែក នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិន ក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាង ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន។ តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុជាឆ្នាំ២០២៤» នឹងជួយលើកកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ បើទោះបីជាពិភពលោកទាំងមូលមិនអាចធានបានអំពីការងើបឡើងវិញនៃរលកកូវីដ-១៩ក៏ដោយ ប៉ុន្តែការគ្រប់គ្រងបាននូវតួលេខនៃអ្នកឆ្លង ០ករណីក្នុងរយៈពេលចុងក្រោយនេះ បានអនុញ្ញាតឱ្យកម្ពុជាអាចត្រឡប់មករកប្រក្រតីភាព រួមទាំងស្ដារឡើងវិញនូវគ្រប់វិស័យ ដោយក្នុងនោះកម្ពុជាបានបើកទ្វារយ៉ាងទូលាយស្វាគមន៍ទេសចរមកពីគ្រប់ជាតិសាសន៍ ដែលជាសញ្ញាជាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា

រូបភាព៖ ក្រសួងព័ត៌មាន