ក្រសួងអប់រំនឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាថ្មី អំពីការសម្រេចបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ជាអ្នកម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី-ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗវិញ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានលើកឡើងនាពេលកន្លងទៅនេះបានឱ្យដឹងថា ការណ៍ដែលក្រសួងសម្រេចផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស គឺដោយសារក្រសួងកំពុងផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។
បន្ទាប់ពីការជូនដំណឹងនេះ សិស្សានុសិស្សជាច្រើនបានសម្ដែងការខកចិត្ត និងអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏បានចូលរួមបញ្ចេញមតិជាច្រើនជុំវិញរឿងនេះ។យ៉ាងណាមិញ ការសម្រេចឱ្យមានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ជាដំណឹងល្អ ក៏ដូចជាក្ដីសង្ឃឹមថ្មីសម្រាប់ប្អូនៗសិស្សានុសិស្សផងដែរ៕