សម្ដេច ហ៊ុន សែន៖ យើងមានមោទនភាពដែលកម្ពុជាទទួលបានវ៉ាក់សាំងនៅពេលនេះ ខណៈប្រទេសខ្លះមានលទ្ធភាព តែមិនអាចទិញបាន


វ៉ាក់សាំងប្រឆាំងកូវីដ-១៩(ស៊ីណូហ្វាម) ចំនួន៦០មុឺនដូស ដែលជាជំនួយរបស់ប្រទេសចិន បានដឹកមកដល់កម្ពុជាតាមរយៈយន្តហោះពិសេស នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកអគ្គរដ្ឋទូតចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រគល់-ទទួលវ៉ាក់សាំងពីប្រទេសចិន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ «វ៉ាក់សាំងកូវីដ-១៩​ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ យើងមានមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩នាពេលនេះ ដោយវាបានបង្ហាញពីទំនាក់ទំនងល្អជាមួយប្រទេសចិនកន្លងមក។»

សម្ដេចបានបន្តថា យើងមានភាពជឿជាក់លើការប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន(ស៊ីណូហ្វាម) ពីព្រោះមានប្រទេសជាច្រើនមកហើយ ដែលបានទទួលយកវ៉ាក់សាំងនេះ ដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន។ ម៉្យាងវិញទៀត ស៊ីណូហ្វាមងាយស្រួលក្នុងការរក្សាទុក ដោយអាចរក្សាទុកក្នុងសីតុណ្ហភាពចន្លោះពី៦​ ទៅ៨អង្សារ ដែលនេះសមស្របនឹងលក្ខខណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ដូច្នេះ។

សម្ដេចបន្ថែមថា កូនប្រុសទាំងបីរបស់សម្ដេច និងមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនឹងត្រូវចាក់វ៉ាក់សាំងដែលផលិតដោយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជនក្នុងការប្រើប្រាស់។ បន្ថែមពីនេះ ក្រុមអ្នកសារព័ត៌មានក៏ត្រូវបានចាត់ទុកជាបុគ្គលអាទិភាពក្នុងការទទួលយកវ៉ាក់សាំងនេះផងដែរ ពីព្រោះពួកគេដើរតួនាទីសំខាន់ក្នុងការរាយការណ៍ដំណឹង និងប្រឈមខ្ពស់ក្នុងការឆ្លងកូវីដ-១៩។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង វ៉ាក់សាំង៦០ម៉ឺនដូស ក្នុងចំណោមមួយលានដូសបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានរបស់សម្ដេច ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន៕

រូបភាព៖ SPM Page

ដោយ៖ ង៉ាយ ណៃ