កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស ពីប្រទេសចិន
តាមរយៈសារជាសម្លេងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ ខែមករា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា កម្ពុជាយល់ព្រមទទួលយកជំនួយវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម) របស់ប្រទេសចិន ចំនួន១លានដូស បើទោះបីជាវ៉ាក់សាំងនេះ ពុំទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកយ៉ាងក៏ដោយ។
ក្នុងការសម្រចចិត្តទទួលយកវ៉ាក់សាំងរបស់ចិន (ស៊ីណូហ្វាម) នេះ សម្ដេចនាយករដ្ឋមន្រ្តី បានរំលេចឡើងថា៖«រដ្ឋាភិបាលមិនអាចរងចាំរហូតដល់អង្គការសុខភាពពិភពលោក ទទួលស្គាល់វ៉ាក់សាំងណាមួយជាផ្លូវការបានឡើយ ពីព្រោះករណីវិជ្ជមានកូវីដ-១៩ នៅតែបន្តកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ជាក់ស្ដែង យើងចាំបាច់ទទួលយកវ៉ាក់សាំងរបស់ចិនមកប្រើប្រាស់។»
សម្ដេច បន្ថែមទៀតថា ស៊ីណូហ្វាម មានសុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រទេសចិន ដោយក្នុងនោះ សូម្បីរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក៏បានចាក់វ៉ាក់សាំង ស៊ីណូហ្វាមនេះដែរ។
«ម៉្យាងទៀត វ៉ាក់សាំងរបស់ចិន មិនចាំបាច់ត្រូវរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សារដូចវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer-BioNTech ឬវ៉ាក់សាំងរបស់អង់គ្លេសនោះទេ។ ពោល យើងអាចស្តុកទុកត្រឹមសីតុណ្ហភាពចន្លោះពី ២ ទៅ ៨ អង្សារ ដែលនេះជាលក្ខខណ្ឌមួយសមស្រមសម្រាប់ប្រទេសកម្ពុជា ជាប្រទេសក្ដៅ។» សម្ដេច បានលើកឡើងយ៉ាងដូច្នេះ។
ជុំវិញការចាក់សាំងវិញ សម្ដេច ហ៊ុន សែន គូសបញ្ជាក់ច្បាស់ៗថា៖ «ការចាក់សាំងធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃ។»
សម្រាប់ដំណាក់កាលដំបូង រដ្ឋាភិបាលគ្រោងនឹងចាក់ជូនអ្នកប្រឈមខ្ពស់នឹងការឆ្លងដូចជា មន្ត្រីសុខាភិបាល កងរាជអាវុធហត្ថ និងគ្រូបង្រៀនជាដើម។
គួរបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសផ្សេងទៀតរួមមាន ប្រេស៊ីល ឥណ្ឌូនេស៊ី សុទ្ធតែបានជ្រើសរើសយកវ៉ាក់សាំងរបស់ចិន (ស៊ីណូហ្វាម) យកទៅប្រើប្រាស់ បើទោះបីជា បច្ចុប្បន្ន វ៉ាក់សាំងនេះ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភលោកក៏ដោយ៕
រូបភាព៖ Pexels