ឯកឧត្តម ស៊ុន ចាន់ថុល៖ ទោះបីសេដ្ឋកិច្ចសកលមិនប្រាកដប្រជា កម្ពុជាបន្តទាក់ទាញបានវិនិយោគិនអឺរ៉ុប ដែលផ្ដល់នូវអំណោយផល និងអាចព្យាករណ៍បាន


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាសហប្រធានជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប។

ក្នុងប្រសាសន៍បើកកិច្ចសន្ទនា ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចសកលលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្តល់នូវបរិយាកាសវិនិយោគដែលមានភាពអំណោយផល ស្ថិរភាព និងភាពព្យាករណ៍បាន។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលការងារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងសម្រួលពាណិជ្ជកម្ម ព្រមទាំងបានសម្តែងការសោមនស្សចំពោះវឌ្ឍនភាពវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្មរវាងភាគីទាំងពីរ ដែលជាចលករសំខាន់ក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចែករំលែកពីវឌ្ឍនភាពនៃការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដោយដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧។ សមិទ្ធផលនេះត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% និងរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តម Igor Driesmans បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណចំពោះការបន្តរៀបចំកិច្ចសន្ទនានេះ។ ឯកឧត្តមបានវាយតម្លៃថា វេទិកានេះមានសារៈប្រយោជន៍ និងប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញសុឆន្ទៈក្នុងការគាំទ្រផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគ (Investment Roadshow) នៅតាមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំនាពេលខាងមុខ។ ឯកឧត្តមបានគូសបញ្ជាក់ថា កំណើនការវិនិយោគផ្ទាល់ពីបរទេសរបស់វិនិយោគិនអឺរ៉ុបមកកម្ពុជា នឹងជាសញ្ញាវិជ្ជមានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។

កិច្ចសន្ទនានេះ ក៏បានរំលេចពីខួបលើកទី២៥ នៃការអនុវត្តគំនិតផ្តួចផ្តើម «ការអនុគ្រោះពន្ធទាំងអស់លើកលែងតែសព្វាវុធ» (Everything But Arms—EBA) របស់សហភាពអឺរ៉ុប ដែលបានចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ភាគីទាំងពីរបានបង្ហាញក្តីរំពឹងទុកចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការឆ្ពោះទៅរកក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ នាពេលអនាគត។

ដោយឡែក កិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប បានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងប្រកបដោយលទ្ធផលផ្លែផ្កា។ វេទិកានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងពង្រឹងភាពជាដៃគូ និងទំនុកចិត្តរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រភព៖ ឯកឧត្តម ស៊ុន ចាន់ថុល