រដ្ឋសភាកម្ពុជា ព្រមានយ៉ាងមុឺងម៉ាត់ចំពោះក្រុមឧទ្ទាមក្រៅប្រទេសដែលបន្តហិច្ឆតាទុច្ចរិតផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការញុះញង់ និងបំបែកបំបាក់ស្មារតីជាតិ


ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចេតនាខ្មៅកខ្វក់របស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលបន្តមហិច្ឆតានយោបាយទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រើប្រាស់មធ្យោបាយញុះញង់ បំបែកបំបាក់ ការបោកបញ្ឆោត និងប្រជាភិថុត ដែលរដ្ឋសភាចាត់ទុកថា ជាការរំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញ ច្បាប់ជាធរមាន និងការពិតជាក់ស្តែងនៅកម្ពុជា។

ការថ្កោលទោសនេះ ត្រូវបានលើកឡើងក្នុងញត្តិថ្កោលទោសរបស់រដ្ឋសភា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ជុំវិញសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានបង្កើតរដ្ឋសភាដោយខុសច្បាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ រដ្ឋសភាបានចាត់ទុកសកម្មភាពនេះថា ជាការបង្កើតស្ថាប័នខុសច្បាប់ និងរំលោភលើរដ្ឋធម្មនុញ្ញ ព្រមទាំងមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កើតរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាប័ននីតិបញ្ញត្តិ ស្របច្បាប់តែមួយគត់។

សូមបញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងតាមរយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ បាននិងកំពុងបំពេញតួនាទីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមានស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការធានានិងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និង ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ជាពិសេស ធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី យ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពានយ៉ាងគឃ្លីនរបស់បរទេសមកលើកម្ពុជា ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍សន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងយន្តការ ទ្វេភាគី ដែលមានស្រាប់ ដោយភាពអត់ធ្មត់និងបត់បែនតាមគោលការណ៍ «ស្ងាត់តែមិនស្ងៀម» ដោយ តម្កល់ផលប្រយោជន៍ប្រទេសជាតិនិងអាយុជីវិតប្រជាពលរដ្ឋជាអាទិភាព។

ជាមួយគ្នានេះ រដ្ឋសភាបញ្ជាក់ថាក្រុមឧទ្ទាមបាននិងកំពុងព្យាយាមបង្កើតចលនាបង្កអស្ថិរភាព បំបែកបំបាក់សាមគ្គីនិងឯកភាពជាតិ ដើម្បីតែផលប្រយោជន៍មហិច្ចតានយោបាយរបស់ខ្លួនដោយមិនខ្វល់ ពីសោដនាដកម្មទាំងអស់ដែលកើតមានឡើងដោយសារអំពើក្រៅច្បាប់របស់ខ្លួន។ រដ្ឋសភាព្រមានថា អំពើឧទ្ទាមក្រៅច្បាប់នេះ នឹងត្រូវថ្កោលទោសជាសាធារណៈ ហើយតួអង្គពាក់ព័ន្ធទាំងអស់នឹង ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ នាពេលខាងមុខ ចលនាឧទ្ទាមក្រៅច្បាប់នេះ នឹងត្រូវបរាជ័យយ៉ាងអាម៉ាសនិងរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សមដូចពាក្យបុរាណាចារ្យខ្មែរមួយឃ្លា ដែលចែងថា «អ្នកសាបព្រួសខ្យល់ តែងរងមកវិញនូវព្យុះសង្ឃរា»។

ទោះជាយ៉ាងណា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនិងជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់ឧបាយកលដ៏ពិសពុល ខ្មៅកខ្វក់របស់ក្រុមឧទ្ទាមដែលតែងតែព្យាយាមផ្តួលរំលំរដ្ឋសភានិងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ប្រភព៖ រដ្ឋសភាកម្ពុជា