កម្ពុជា-វៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មរួមគ្នានៅភ្នំពេញ ដើម្បីពង្រីកទីផ្សារផលិតផលនៃប្រទេសទាំងពីរ


(តៃនិញ, វៀតណាម)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា ចូលរួមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP នៅខេត្តតៃនិញ ប្រទេសវៀតណាម ក្នុងគោលបំណងជំរុញការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការនេះ មានគោលដៅពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ និងបង្កើនឱកាសសម្រាប់ការតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ផលិតផលរបស់កម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងជំរុញការនាំចូលផលិតផលពីវៀតណាមមកកាន់ទីផ្សារកម្ពុជា និងបង្កើនការនាំចេញកសិផល ព្រមទាំងផលិតផលដែលមានសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិផ្សេងទៀត។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការសម្រួលឯកសារ និងនីតិវិធីនាំចូល-នាំចេញ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបំពេញតាមស្តង់ដាគុណភាពផលិតផល។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំយន្តការធានាការទូទាត់ប្រាក់រវាងពាណិជ្ជករនៃប្រទេសទាំងពីរ ដោយលើកឡើងពីលទ្ធភាពប្រើប្រាស់លិខិតឥណទាន (Letter of Credit – L/C) តាមរយៈធនាគារ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពអនុវត្តយន្តការបង់កម្រៃតាមភាគរយនៃការលក់ ឬលទ្ធផលអាជីវកម្ម ដើម្បីកាត់បន្ថយបន្ទុកចំណាយដំបូងរបស់ពាណិជ្ជករ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលគ្រោងបង្កើតនៅរាជធានីភ្នំពេញ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម